(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារនឹងចុះធ្វើសវនកម្មក្នុងរង្វង់ ៣ឆ្នាំម្តង ប៉ុន្តែប្រសិនបើរកឃើញថា សហគ្រាសមានហានិភ័យ ឬភាពមិនប្រក្រតី រដ្ឋបាលសារពើពន្ធ អាចចុះធ្វើសវនកម្មពន្ធដារលើសហគ្រាសនោះ ក្នុងពេលណាមួយក៏បាន។
ការគូសបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយស្តីពី «សៀវភៅណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្ម ពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ និង សៀវភៅណែនាំ ស្ដីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពី ពន្ធដារ» នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី គង់ វិបុល ក៏បានបញ្ជាក់ផងដែរថា តាមរយៈសៀវភៅណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ជាទូទៅការធ្វើសវនកម្មពន្ធដារ ត្រូវធ្វើឡើងតែម្តងគត់ក្នុងរង្វង់ ៣ ឆ្នាំ ប៉ុន្តែអ្នកជាប់ពន្ធអាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ឱ្យធ្វើសវនកម្មមុនកាលកំណត់បាន។
ពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មពន្ធដារនេះដែរ លោកបានស្នើឱ្យអ្នកជាប់ពន្ធទាំងអស់ ប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check and Track) ដោយហេតុថា រាល់លិខិតបញ្ជាបេសកកម្មរបស់រដ្ឋបាលសារពើពន្ធមាន QR Code ច្បាស់លាស់ ដូច្នេះអ្នកជាប់ពន្ធអាចប្រើប្រាស់កម្មវិធីនេះ ដើម្បីស្គែនពិនិត្យពីភាពត្រឹមត្រូវនៃលិខិតបញ្ជាបេសកកម្មទាំងនោះ។
ជាមួយគ្នានេះអគ្គនាយកពន្ធដារ ក៏បានអំពាវនាវដល់អ្នកជាប់ពន្ធ ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការប្រកាស និងបង់ប្រាក់ពន្ធឱ្យបានត្រឹមត្រូវ តាមច្បាប់កំណត់ ព្រមទាំងចូលរួមរាយការណ៍ នូវរាល់ករណីអសកម្ម ឬការគំរាមកំហែងពីសំណាក់មន្ត្រីពន្ធដារផងដែរ៕