(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់ រៀបចំអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ មានតម្លាភាព និងមានគណនេយ្យភាព ដើម្បីងាយស្រួលក្នុងការទទួលបានឥណទាន ខណៈថ្មីៗនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានសម្រេចបញ្ចុះអត្រាការប្រាក់រហូតដល់៤.៧៥%ក្នុងមួយឆ្នាំ សម្រាប់ម្ចាស់អាជីវកម្មណា ដែលចង់បានហិរញ្ញប្បទានយកទៅពង្រីកអាជីវកម្ម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញបែបនេះ ធ្វើឡើងនៅក្នុងវេទិកាទឹកស្អាត ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង៤០០នាក់។
លោកលោក ហែម វណ្ណឌី បានសង្កេតឃើញថា បញ្ហាប្រឈមដែលប្រតិបត្តិកទឹកស្អាតបាននិងកំពុងជួបប្រទះ គឺការពិបាកក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ដើម្បីពង្រីកអាជីវកម្មទឹកស្អាត ហេតុដូច្នេះទើបក្រសួងឧស្សាហកម្ម បានធ្វើការជាធនាគារមួយចំនួន ដោយលើកទឹកចិត្តឱ្យធនាគារទាំងនោះចាត់ទុកវិស័យទឹកស្អាតជាវិស័យអទិភាព ក្នុងការផ្តល់ភាពងាយស្រួលលើការអនុម័តឥណទាន និងផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ។ ព្រមជាមួយគ្នានេះ នៅថ្ងៃខាងមុខ ក្រសួងក៏ នឹងបង្កើតមូលនិធិអភិវឌ្ឍន៍ទឹកស្អាត ដើម្បីឱ្យមូលនិធិនេះ ផ្តល់ការគាំទ្រដល់ប្រតិបត្តករទឹកស្អាតផងដែរ។
លោកបានជំរុញឱ្យអាជីវកម្មដែលមិនទាន់បានចុះបញ្ជីសូមទៅចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់។ ចំណែកអាជីវកម្ម ដែលមានបញ្ជីស្នាមមិនទាន់មានគណនេយ្យភាព សូមលាងសម្អាតអាជីវកម្មរបស់ និងបោះជំហានទៅមុខដោយត្រឹមត្រូវ នោះទើបធនាគារ មានការជឿជាក់ ហើយទទួលបានការគាំទ្រ និងផ្តល់ឥណទានឱ្យបាន។ លើសពីនេះទៅទៀត អាជីវកម្មដែលមានលក្ខណៈត្រឹមត្រូវទាំងអស់ ក៏នឹងទទួលបានការគាំទ្រពីមូលនិធីទឹកស្អាតផងដែរ។
លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការ របស់ធនាគារ SME បានថ្លែងក្នុងវេទិកានេះថា បច្ចុប្បន្ននេះ ធនាគារ SME បាននិងកំពុងធ្វើការជាមួយសមាគមទឹកស្អាតកម្ពុជា ដោយសារអាជីវកម្មទឹកស្អាត គឺជាវិស័យអទិភាពមួយដែល ធនាគារ SME ផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប និងជំរុញការទម្លាក់ហិរញ្ញប្បទានទៅដល់ម្ចាស់សហគ្រាសទាំងនោះ។
លោកបានលើកឡើងថា ដោយមានការសំណូមពីលោករដ្ឋមន្រ្តី ហែម វណ្ណឌី ធនាគារ SME កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០២៤ បានសម្រេចបញ្ចុះអត្រាការប្រាក់សម្រាប់ម្ចាស់អាជីវកម្មទឹកស្អាត ដល់៥%ក្នុងមួយឆ្នាំ ទាបជាងអតិថិជនធម្មតា ហើយក៏ជាកម្រិតការប្រាក់ទាបជាងគេបំផុត។ ហើយប្រសិនបើសហគ្រាសនោះជាសមាជិករបស់សមាគមទឹកស្អាតកម្ពុជា នឹងទទួលបានការបញ្ចុះការប្រាក់០.២៥% បន្ថែមទៀត ពោលគឺ ពួកគេនឹងទទួលបានអត្រាការប្រាក់ត្រឹមកម្រិត៤.៧៥%ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ការផ្តល់កម្ចីនេះ នឹងផ្តល់ដល់សហគ្រាសទាំងឡាយណា ដែលមានបុគ្គលិកមិនច្រើនជាង២៥០នាក់ មានចំណូលដុលប្រចាំឆ្នាំមិនធំជាង៤លានដុល្លារ ព្រមទាំងទ្រព្យសកម្មសរុប មិនឱ្យធំជាង២លានដុល្លារ។
បើតាម លោក នៀវ សុគន្ធ គិតមកទល់ពេលនេះ ធនាគារ SME បានផ្តល់ហិរញ្ញប្បទានដល់ម្ចាស់សហគ្រាសទឹកស្អាត ដែលជាសហគ្រាសមានអាជ្ញាបណ្ណត្រឹមត្រូវ មានទឹកប្រាក់ជាង១៤លានដុល្លារ៕