(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសថៃរំពឹងថានឹងនាំចេញអង្ករចំនួន ៨,២លានតោននៅឆ្នាំនេះ កើនឡើងពីការព្យាករមុនដែលមានចំនួន ៧,៥លានតោនដោយសារតម្រូវការអង្ករពីទីផ្សារធំៗ ការរំពឹងថានឹងមានទិន្នផលស្រូវខ្ពស់ និងប្រាក់បាតធ្លាក់ចុះថ្លៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ទោះជាយ៉ាងណា បរិមាណព្យាករនាំចេញអង្ករនេះនឹងនៅតែទាបជាងចំនួនសរុបកាលពីឆ្នាំមុន ៦,៥%។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងពាណិជ្ជកម្មថៃថា ការនាំចេញអង្ករពីប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំទីពីរ ក្នុងពិភពលោកមានចំនួន ៥,០៨លានតោននៅក្នុងឆមាសទីមួយឆ្នាំ២០២៤ កើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញអង្ករត្រូវបានគាំទ្រ ដោយតម្រូវការពីទីផ្សារសំខាន់ៗ រួមទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន និងការធ្លាក់ចុះថ្លៃប្រាក់បាត។ ក្រសួងបានបន្ថែមថា៖ «ប្រទេសនាំចូលអង្ករចង់នាំចូលអង្ករសម្រាប់ប្រើប្រាស់ និងរក្សាទុកជាស្តុកសម្រាប់សន្តិសុខស្បៀង»។
ក្រសួងបានឱ្យដឹងទៀតថា ប្រទេសហ្វីលីពីននិងឥណ្ឌូណេស៊ី គួរតែបន្តនាំចូលអង្ករ ដើម្បីកាត់បន្ថយផលប៉ះពាល់អតិផរណា និងគ្រោះរាំងស្ងួត។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា លោក Ronnarong Phoolpipat អគ្គនាយកនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បាននិយាយនៅក្នុងសន្និសីទកាសែតខ្លីមួយថា ផលិតកម្មស្រូវនៅឆ្នាំ២០២៤ ត្រូវបានរំពឹងថានឹងកើនឡើង ៥,៧៥% ធៀបនឹងឆ្នាំមុន។
ក្នុងឆ្នាំ២០២៣ ការនាំចេញអង្កររបស់ប្រទេសថៃបានកើនឡើង ១៣,៧% ធៀបនឹងឆ្នាំ២០២២ ដល់ ៨,៧៧លានតោន ខ្ពស់ជាងគោលដៅដែលមានតែ ៨លាន៕