(ភ្នំពេញ)៖ តាមការណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើសុំ ការលើកទឹកចិត្ត, ការអនុគ្រោះ, ការសម្រួលនីតិវិធី, និង ការសម្របសម្រួលដោះស្រាយវិវាទ។
អង្គប្រជុំ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ២៤ ដែលមានទំហំវិនិយោគ ១២៩ លានដុល្លារអាមេរិក រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង, និង គម្រោងដែលមានស្រាប់។
សូមជម្រាបជូនថា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយដាក់ចេញនូវវិធានការនានា រួមទំាំងការផ្តល់អត្ថប្រយោជន៍ ពិសេស ជូនវិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ ក្នុងខេត្តព្រះសីហនុ។
ផ្អែកតាមនេះ, រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានសមាសភាពចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តយន្តការត្រួតពិនិត្យ និង សម្រេចរួមគ្នាជាកញ្ចប់ តាមសមត្ថកិច្ចរបស់ក្រសួងស្ថាប័ននីមួយៗ ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ព្រមទាំងចំណាយពេលវេលាតិច ។
ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសនេះ, ចាប់ពីខែ កុម្ភៈដល់ខែមិថុនា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចផ្តល់គោលការណ៍ លើកទឹកចិត្តដល់គម្រោងចំនួន ៦១ ដែលមានទំហំវិនិយោគសរុបប្រមាណ ៣,៧ ប៊ីលានដុល្លារអាមេរិក រួចមកហើយ ។ ចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ គឺកើនឡើង ៦៧១% បើគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ មិថុនា ឆ្នាំ ២០២៤ ។ ជារួម, សរុបគម្រោងពីខែ កុម្ភៈ ដល់ខែ កក្កដា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្តល់អត្ថប្រយោជន៍ពិសេស ជូនគម្រោងចំនួន ៨៥ ។ ជាមួយគ្នានេះ, ដើម្បីធានាការអនុវត្តដោយរលូន និង ដោះស្រាយបញ្ហាប្រឈមផ្សេងទៀតជាយថាហេតុ, ក្រុមការងារបានតាមដានការអនុវត្តគោលការណ៍ លើកទឹកចិត្ត ដែលបានផ្តល់ជូនរួច និង រាយការណ៍ជូនអង្គប្រជុំជាប្រចាំ ។
មបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។
ទន្ទឹមនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ ០១២ ៩០២២០០, ០៨៩ ៧២៦០២៨ និង ០១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង៖ ០៩៣ ៨៥៨ ៥៤៣៕