(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញនូវសក្តានុពលវិនិយោគសំខាន់ៗដល់វិនិយោគិនហុងកុង ដើម្បីលើកទឹកចិត្តពួកគេឱ្យមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជា ស្របពេលគណៈប្រតិភូ និងសហគ្រាស ហុង កុង ប្រមាណ៣០ បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងហុងកុង។
ការបង្ហាញសក្តានុពលវិនិយោគដល់វិនិយោគិនហុងកុងនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារធុរកិច្ច ដែលសហការរៀបចំឡើងដោយភាគីហុងកុង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលបទ «ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ៖ ភាពជាដៃគូរវាង ហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា»។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចូលរួមក្នុងពិធីនេះ។ ព្រមជាមួយគ្នានេះ លោកបានរំលេចអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជា មានជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ, និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា វិនិយោគិនដែលបានអញ្ជើញចូលរួមនាពេលនេះ នឹងអញ្ជើញមកសិក្សាសមិទ្ធិលទ្ធភាពលើវិស័យ និងសកម្មភាពវិនិយោគ ដែលមានសក្តានុពល ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
លោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានសម្តែងការស្វាគមន៍រាល់សហគ្រាស និងសហគ្រិនកម្ពុជា ក្នុងការចាប់ដៃគូជាមួយហុងកុង ដើម្បីរួមគ្នាប្រឡូកទៅក្នុងអាជីវកម្ម និងឱកាសវិនិយោគដ៏ទូលំទូលាយក្នុងតំបន់។
លោកបន្តថា «ទីក្រុងហុងកុងបាននាំមកនូវបទពិសោធន៍ និងជំនាញអន្តរជាតិដូចជានៅតំបន់ Greater Bay ក្នុងវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ព្រមទាំងសេវាកម្មវិជ្ជាជីវៈលំដាប់ពិភពលោក ការដឹកជញ្ជូន ភស្តុភារ និងច្រើនទៀត»។
សូមជម្រាបផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)ដឹកនាំដោយ លោក John Lee ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅថ្ងៃទី ៣០-៣១ ខែកក្កដា អនុស្សរណៈយោគយល់គ្នាចំនួន ១៣ រវាងក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលមានវិសាលភាពគ្របដណ្តប់លើការងារសហប្រតិបត្តិការ វិនិយោគ, ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ហិរញ្ញវត្ថុ, ការតភ្ជាប់, និងអាកាសចរណ៍ស៊ីវិល ត្រូវបានចុះហត្ថលេខា៕