(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, អគ្គនាយកក្រុមហ៊ុន ហេង មាន អ៉ិនវេសមេន និងជាអគ្គនាយករងក្រុមហ៊ុន អាន ម៉ាឌី គ្រុប បានថ្លែងថា ដើម្បីលើកកម្ពស់ប្រាក់រៀល ក្រុមហ៊ុនរបស់លោកតែងតែបើកប្រាក់ខែជាប្រាក់រៀលដល់បុគ្គលិក ដោយក្នុងនោះការបើកប្រាក់ខែជាប្រាក់ដុល្លារមានត្រឹមតែ ៣ភាគរយប៉ុណ្ណោះ សម្រាប់បុគ្គលិកបរទេស។
អ្នកឧកញ៉ាបន្តថា ដើម្បីឲ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនលើទីផ្សារ លោកសូមស្នើឱ្យតាមរោងចក្រ សហគ្រាស បើកប្រាក់ខែជាប្រាក់រៀល ដើម្បីលើកកម្ពស់ប្រាក់រៀល និងការពារការខាតបង់។
ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ការសម្រួលលក្ខខ័ណ្ឌចាយប្រាក់ដុល្លារចាស់ ប្រឡាក់ នៅសៀមរាប និងយន្តការលើកកម្ពស់ប្រាក់រៀល។
អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា «ខ្ញុំតាំងពីដើមរៀងមកខ្ញុំមិនដែលបើកប្រាក់ខែ ជាប្រាក់ដុល្លារនោះឡើយ មិនមែនអត់សោះនោះទេ មានប្រមាណជា ៣ភាគរយ ដែលត្រូវបើកប្រាក់ខែជាប្រាក់ដុល្លារ ព្រោះថាយើងមានបុគ្គលិកបរទេស តែសម្រាប់បុគ្គលិកក្នុងស្រុក គឺយើងបើកជាប្រាក់រៀលទាំងអស់។ ទោះបីជាខ្ញុំលក់ចេញ និងទទួលជាប្រាក់ដុល្លារក៏ដោយ តែខ្ញុំយកប្រាក់ដុល្លារមកប្ដូរជាប្រាក់រៀល ដើម្បីបើកប្រាក់ខែជូនបុគ្គលិក»។
អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា «ខ្ញុំស្នើសុំសហគ្រាស ក្រុមហ៊ុននៅកម្ពុជា បើកប្រាក់ខែជាប្រាក់រៀល កុំបើកប្រាក់ខែជាប្រាក់ដុល្លារ ព្រោះថា បើបើកប្រាក់ខែជាប្រាក់ដុល្លារ ចំប្រាក់ដុល្លារដែលដាច់រហែក ឬប្រឡាក់ អាចនឹងមានការដូរទៅត្រូវកាត់ទឹក បណ្ដាលឲ្យខាតដល់បុគ្គលិកយើង»។
អ្នកឧកញ៉ា លឹម ហេង បានបន្ថែមថា ជាការពិតបុគ្គលិកកម្មករ ធ្លាប់តែបើកប្រាក់ខែជាដុល្លារ ដូច្នេះប្រសិនបើបើកប្រាក់ជាប្រាក់រៀល ដល់ពួកគាត់ដំបូងៗអាចនឹងពួកគាត់គិតថាខាត ប៉ុន្ដែនៅពេលដែលយើងប្រើប្រាស់ប្រាក់រៀលច្រើន នោះនឹងលែងមានការព្រួយបារម្ភ លើបញ្ហានេះទៀត៕