(ហុងកុង)៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃពុធថា អ្នកជម្រះបញ្ជីរបស់ក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group (Evergrande) របស់ប្រទេសចិនបានចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន PricewaterhouseCoopers ដោយចោទប្រកាន់ថា ក្រុមហ៊ុនសវនកម្មមួយនេះ «ប្រហែស» និង «បកស្រាយខុស» នៅក្នុងការងាររបស់ខ្លួនសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិនមួយនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់កាសែត Financial Times ដែលបានរាយការណ៍ដោយដកស្រង់ឯកសាររបស់តុលាការកាលពីថ្ងៃអង្គារថា មេធាវីតំណាងអ្នកជម្រះបញ្ជីទទួលបន្ទុកក្រុមហ៊ុន Evergrande បានចាប់ផ្តើមដំណើរការតុលាការប្រឆាំងនឹង PwC Hong Kong និងក្រុមហ៊ុន PwC Zhong Tian នៅក្នុងខែមីនា។
សេចក្តីរាយការណ៍នេះបានបន្ថែមថា អ្នកជម្រះបញ្ជីក៏បានចាប់ផ្តើមដំណើរការតុលាការប្រឆាំងនឹងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យពាណិជ្ជកម្ម CBRE Group និងក្រុមហ៊ុនប្រឹក្សាធនាគារវិនិយោគ Avista Advisory Group ផងដែរដោយសាររបាយការណ៍វាយតម្លៃដែលក្រុមហ៊ុនទាំងនេះបានធ្វើសម្រាប់ក្រុមហ៊ុន Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Evergrande ក្នុងឆ្នាំ២០១៨។
ក្រុមហ៊ុន PwC បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍នេះ ខណៈដែលក្រុមហ៊ុន Evergrande, ក្រុមហ៊ុន CBRE និងក្រុមហ៊ុន Avista មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន ត្រូវបានតុលាការក្រុងហុងកុងបញ្ជាឱ្យរំលាយចោលកាលពីខែមករា បន្ទាប់ពីក្រុមហ៊ុននេះបានបរាជ័យក្នុងការផ្តល់ផែនការរៀបចំបំណុលឡើងវិញរឹដ៏ងមាំសម្រាប់បំណុលនៅក្រៅប្រទេសដែលមានតម្លៃ ២៣ពាន់លានដុល្លាររបស់ខ្លួនដែលត្រូវបានចាត់ទុកថាបានបរាជ័យសង។
ក្រុមហ៊ុន PwC ដែលជាសវនកររបស់ក្រុមហ៊ុន Evergrande អស់រយៈពេលជិត ១៤ឆ្នាំរហូតដល់ពេលលាលែងពីតួនាទីនេះនៅដើមឆ្នាំ២០២៣ បានរងសម្ពាធយ៉ាងខ្លាំងនាពេលថ្មីៗនេះ ដោយសារការងាររបស់ខ្លួនសម្រាប់ក្រុមហ៊ុននេះ ហើយអាជ្ញាធរចិនបាននិងកំពុងស៊ើបអង្កេតតួនាទីរបស់ក្រុមហ៊ុន PwC ក្នុងការធ្វើសវនកម្មលើក្រុមហ៊ុន Evergrande។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕