(គូឡាឡាំពួរ)៖ លោក Satvinder Singh អគ្គលេខាធិការរងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បាននិយាយថា អាស៊ានស្ថិតនៅលើផ្លូវវិជ្ជមាន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ របស់ពិភពលោកនៅឆ្នាំ២០៣០ ពីចំណាត់ថ្នាក់ទី៥ នាពេលបច្ចុប្បន្ន ដោយផលិតផលក្នុងស្រុកសរុប (ផ.ស.ស) កើនឡើង ៥១ភាគរយដល់ ៣,៨ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ បើធៀបនឹង ២,៥ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០១៥។
កាសែត Vietnam News បានរាយការណ៍ដោយដកស្រង់សម្ដីលោក Singh ខណៈថ្លែងនៅក្នុងសន្និសីទស្តីពី «ចក្ខុវិស័យឆ្នាំ២០២៤៖ យុគសម័យអាស៊ាន» ដែលសហការរៀបចំដោយក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី (MITI) ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន និងក្រុមហ៊ុន Boston Consulting Group នៅថ្ងៃទី៦ ខែសីហាថា ការព្យាករត្រូវបានពង្រឹងបន្ថែមទៀតដោយពាណិជ្ជកម្មក្នុងតំបន់ដែលបានកើនឡើងដល់ ៣,៤ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ពីចំនួន ២,៣ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដែលបានជួយបង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗយ៉ាងច្រើន។
លោកបានអះអាងថា ការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់អាស៊ានក្នុងការក្លាយជាតំបន់សេដ្ឋកិច្ចបើកចំហសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគសកល។
យោងតាមលោក Singh អាស៊ានគឺជាតំបន់មួយក្នុងចំណោមតំបន់តិចតួចបំផុតក្នុងពិភពលោក ដែលពាណិជ្ជកម្មរបស់ប្លុកនេះមានទំហំជិតស្មើនឹងទំហំ ផ.ស.ស របស់ខ្លួន។ ធាតុផ្សំដ៏ធំបំផុតនៃពាណិជ្ជកម្មមិនមែនជាពាណិជ្ជកម្មជាមួយប្រទេសចិន ឬសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែជាពាណិជ្ជកម្មក្នុងតំបន់អាស៊ី ដែលមានទំហំជិត ៨០០ពាន់ពាន់លានដុល្លារ។
លោកក៏បានកត់សម្គាល់ផងដែរថា ពាណិជ្ជកម្មរបស់អាស៊ានជាមួយពិភពលោកក៏មានការរីកចម្រើនផងដែរ ដែលជាលក្ខណៈពិសេសនៃប្រទេសក្នុងប្លុកអាស៊ាន ពោលគឺមិនដូចសហភាពអឺរ៉ុប ឬតំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង ដែលប្រទេសជាសមាជិកភាគច្រើនធ្វើពាណិជ្ជកម្មជាមួយគ្នា មិនមែនជាមួយប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។
លោក Singh បានបន្ថែមថា នៅភាគខាងត្បូងពិភពលោក អាស៊ានក៏ជាប្រទេសទទួលការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេផងដែរ ដែលមានទឹកប្រាក់សរុបប្រហែល ២៣០ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ មានការព្យាករថា ខ្សែច្រវាក់ផ្គត់ផ្គង់សកលនៃក្រុមហ៊ុនដែលបញ្ចេញកាបូនទាប និងសកម្មភាពតម្លៃខ្ពស់ ទំនងជានឹងមាននៅក្នុងបណ្តាប្រទេសអាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ វិស័យមួយចំនួនដែលមើលឃើញមានកំណើនគួរឱ្យកត់សម្គាល់រួមមាន គ្រឿងអេឡិចត្រូនិក កសិកម្ម ឧបករណ៍ទិន្នន័យ ឧស្សាហកម្មរ៉ែ និងលោហធាតុ។ នេះបើយោងតាមកាសែត Vietnam News៕