(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានបង្ហាញពីកត្តា ២យ៉ាង ដែលជួយជំរុញដល់វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យល្អប្រសើរ ដោយពុំចាំបាច់ការវិនិយោគទាំងស្រុង ពីសំណាក់វិនិយោគិនបរទេស។ កត្តាសំខាន់ៗទាំងពីរយ៉ាងនេះ គឺបញ្ហាសាច់ប្រាក់លើទីផ្សារ និងការកសាងទំនុកចិត្ត។
ការលើកឡើងរបស់លោក គាម សៀកឡុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។
លោកបានថ្លែងថា បញ្ហាចម្បងក្នុងពេលបច្ចុប្បន្ននេះ គឺកង្វះខាតសាច់ប្រាក់លើទីផ្សារ ដោយសារតែទុនចាក់បញ្ចូលពីក្រៅមានតិចតូច មិនដូចពីមុនដែលមានសាច់ប្រាក់ច្រើនហូរចូល ពិសេសហូរចូលមកពីប្រទេសចិន។
លោកបានបញ្ជាក់ថា កត្តាសំខាន់មួយទៀតនោះ គឺទំនុកចិត្ត ប្រសិនបើបងប្អូនមានទុនមកពីក្រៅសមល្មម ក៏មិនអាចប្រើប្រាស់សាច់ប្រាក់នេះ មកវិនិយោគនោះឡើយ ព្រោះពួកគេមើលឃើញពីភាពមិនប្រាកដប្រជា ហើយចំពោះធនាគារដូចគ្នា ក្នុងស្ថានភាពបែបនេះ ធនាគារមិនអាចបញ្ចេញកម្ចីគាំទ្រអ្នកអភិវឌ្ឍ ឬវិស័យអចលនទ្រព្យដោយផ្ទាល់ឡើយ។
លោកបានបញ្ជាក់ថា «ដូច្នេះបញ្ហារាល់ថ្ងៃ គឺបញ្ហាសាច់ប្រាក់លើទីផ្សារ និងទំនុកចិត្ត ដើម្បីដោះស្រាយបញ្ហាទាំងនេះ ត្រូវដោះស្រាយបញ្ហាអចលនទ្រព្យដែលជាប់គាំង ទោះបីមិនផ្ទាល់លើវិស័យអចលនទ្រព្យ ប៉ុន្ដែអាចរុញដោយប្រយោល វិស័យអចលនទ្រព្យមានបញ្ហា ប៉ុន្ដែវិស័យកសិកម្ម ដំណើរការល្អប្រសើរ វាយនភ័ណ្ឌ កម្មន្ដសាលល្អ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ឱ្យដំណើរការល្អ»។
លោក គាម សៀកឡុង បានបញ្ជាក់ថា កត្តាដែលប្រយោលនេះ មានវិសាលភាពរុញច្រានមួយផ្នែក ដើរទន្ទឹមគ្នា ដោយមិនអាចរុញច្រាន ឬពឹងផ្អែកតែលើវិស័យអចលនទ្រព្យមួយមុខនោះឡើយ។ បច្ចុប្បន្នវិស័យអចលនទ្រព្យយើងកំពុងតែរុញច្រាន ហើយវិស័យផ្សេងៗទៀតក៏បានរុញច្រើនដូចគ្នា៕