(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property លើកឡើងថា ការទិញផ្ទះដោយបង់រំលស់១០០% ជាមួយគម្រោងបុរី នឹងប្រឈមហានិភ័យខ្ពស់ជាង រំលស់ជាមួយធនាគារ ព្រោះអ្នកទិញបានប្រើបំណុលលើសលទ្ធភាព ខណៈការប្រាក់ក៏ខ្ពស់ជាងធនាគារ។
លោក គាម សៀកឡុង លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។
លោកបានពន្យល់ថា ជាទូទៅការខ្ចីបំណុលពីធនាគារ យ៉ាងហោចណាស់ក៏តម្រូវឱ្យមានប្រាក់ដើមពី ២០ ទៅ ៣០% មុននឹងធនាគារផ្តល់កម្ចីឱ្យយកទៅទិញអចលនទ្រព្យនោះ។ ប៉ុន្តែពីខាងគម្រោងបុរី គឺអនុញ្ញាតឱ្យបង់រំលោះសុទ្ធ ១០០% ហើយគិតការប្រាក់រហូតដល់ ១%ក្នុងខែ។
លោកបន្ថែមថា «ជាទូទៅជាមួយបុរី គឺការប្រាក់ ១%ក្នុងមួយខែ ។ ឧទារហរណ៍គាត់បង់បានមួយឆ្នាំហើយ បាន ៦ពាន់ដុល្លារ តែបើគិតពីប្រាក់ដើម បានតិចមែនទែន ជួនកាល ៥០០ដុល្លារដែលបានបង់ បានថ្លៃដើមត្រឹម ១០០ដុល្លារ អ៊ីចឹងហើយ ៦ពាន់ដុល្លារដែលគាត់បានបង់ បានដើមតែ ១ពាន់ដុល្លារទេ បើគាត់បង់បាន២ ទៅ៣ឆ្នាំ ទោះបីជាបង់បានច្រើនម៉ឺនដុល្លារក៏ដោយ ប៉ុន្តែប្រាក់ដើមនៅតែបានតិច អ៊ីចឹងហើយគាត់ត្រូវខាតការប្រាក់ ហើយតម្លៃផ្ទះគាត់ក៏ធ្លាក់ លក់អត់ចេញទៀត អ៊ីចឹងហើយបានខ្ញុំថាលំបាកជាងជាមួយធនាគារ»។
លោកព្យល់បន្ថែមថា សម្រាប់ការបង់ជាមួយធនាគារ នៅពេលដែលស្ថានភាពលំបាកបំផុត ក៏យើងអាចលក់ទ្រព្យនោះសងធនាគារបានដែរ ពីព្រោះមុននឹងធនាគារឱ្យកម្ចី បានវាយតម្លៃទ្រព្យនោះរួចហើយ ហើយករណីខ្លះក៏អាចសុំអនុគ្រោះពីធនាគារបាន។ រីឯការបង់រំលោះសុទ្ធជាមួយបុរី ១០០% វិញ នៅពេលស្ថានភាពលំបាកគ្មានលទ្ធភាពបង់ មានតែពិចារណាបោះបង់ទ្រព្យនោះចោលប៉ុណ្ណោះ។
លោកបានលើកឡើងថា អ្វីដែលគួរជៀសវាង នៅពេលដែលគ្មានលទ្ធភាពបង់ គឺហាមទៅយកកម្ចីនៅខាងក្រៅ ដែលធ្វើឱ្យរងការខាតបង់ផ្ទួនៗ។ លោកលើកទឹកចិត្តដល់អ្នកដែលខ្ចីបំណុលពីធនាគារ ហើយជួបការលំបាកគ្មានលទ្ធភាពបង់ គួរតែទៅជួបជាមន្រ្តីឥណទានផ្ទាល់ ដើម្បីបង្ហាញពីផលលំបាក និងបញ្ហាប្រឈមរបស់ខ្លួន ក៏ដូចជាការស្នើសុំរៀបចំឥណទានឡើងវិញ៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក គាម សៀកឡុង៖