(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានថ្លែងឲ្យដឹងថា ការបរាជ័យនៃការវិនិយោគលើវិស័យអចលនទ្រព្យ ដោយសារភាពលោភលន់ អត់មានចំណេះដឹងគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ ជឿ ឬធ្វើការវិនិយោគតាមគ្នា កត្តាទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយរងគ្រោះដោយគម្រោងបោកប្រាស់ ឬគម្រោងខ្យល់។
ការលើកឡើងរបស់លោក គាម សៀកឡុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។
លោក គាម សៀកឡុង បានថ្លែងឲ្យដឹងថា «ហានិភ័យនៃការវិនិយោគនៅកម្ពុជា កើតឡើងដោយសារតែអ្នកវិនិយោគ មិនសូវយល់ច្បាស់ ប៉ុន្ដែហ៊ានវិនិយោគតាមគ្នា ដោយមិនមានចំណេះដឹង, ជំនាញ និងព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដូច្នេះដើម្បីវិនិយោគលើវិស័យ អចលនទ្រព្យបានជោគជ័យ ត្រូវចេះស្វះស្វែងរកចំណេះដឹងជាមូលដ្ឋាន ចៀសវាងការវិនិយោគតាមគ្នា និងការជឿជាក់គ្នាដែលនាំឲ្យមានហានិភ័យដូចជា គម្រោងខ្យល់ជាដើម»។
លោកបានបញ្ជាក់ថា ចង់វិនិយោគលើវិស័យអចលនទ្រព្យ ទទួលបានជោគជ័យ ចំណេះដឹងជារឿងសំខាន់ និងចម្បងព្រោះ ការមានចំណេះដឹងគ្រប់គ្រាន់ពួកគាត់អាចចេះថ្លឹងថ្លែង ពីការវិនិយោគយ៉ាងណាឲ្យចំណេញ ចេះមើលប្រភពដីដែលអាចនឹងត្រូវអភិវឌ្ឍន៍ នាពេលខាងមុខជាដើម។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះហានិភ័យធំបំផុតនៃវិស័យអចលនទ្រព្យ គឺបញ្ហាហិរញ្ញវត្ថុ ប្រសិនបើអ្នកវិនិយោគសម្រេចវិនិយោគ ដោយពឹងលើការទិញ-លក់រយៈពេលខ្លី នោះនឹងអាចមានបញ្ហាប្រឈម ប៉ុន្ដែប្រសិនបើមានការប្រយ័ត្នប្រយែងខ្ពស់ សម្លឹងរយៈពេលវែងនោះនឹងផ្ដល់ត្រឡប់នូវឱកាសនៃផលចំណេញ ព្រោះវិស័យអចលនទ្រព្យមានឡើងមានចុះ។
លោកបានបញ្ជាក់ថា «បញ្ហាដែលច្រើនតែជួបប្រទះចំពោះប្រជាពលរដ្ឋលើបញ្ហាដីឡូតិ៍ ឬបុរីជាដើម ដោយសារតែប្រជាពលរដ្ឋច្រើនលោភលន់ និងការមិនមានចំណេះដឹង គ្រប់គ្រាន់ដែលជាហេតុនាំពួកគាត់ច្រើន តែត្រូវបានម្ចាស់គម្រោងបោកប្រាស់»៕