(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានអ្នកដំណើរចេញ-ចូល ជាង៣លាននាក់ ខណៈចំនួនជើងហោះហើរ មានជិត៣ម៉ឺនជើង។ នេះបើយោងតាម លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។
លោកបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា (ភ្នំពេញ -សៀមរាប - ព្រះសីហនុ) មានអ្នកដំណើរចេញ-ចូល ប្រមាណ៣,០៣៦,៩៤៤នាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមានចំនួន ២,៨៨៤,៧៤៦នាក់ (ទ្វេទិស) និងអ្នកដំណើរក្នុងស្រុកមានចំនួន ១៥២,១៩៨នាក់ (ទ្វេទិស)។
ចំណែកចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស)វិញ អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរប្រមាណ២៨,៧២៥ជើង។ ក្នុងនោះជើងហោះហើរអន្តរជាតិមានចំនួន ២៥,៩១៧ ជើង(ទ្វេទិស)។ ចំណែកជើងហោះក្នុងស្រុកមានចំនួន២,៨០៨ ជើង (ទ្វេទិស) មិនរាប់បញ្ជូលការហោះហើររំលង និងការហោះហើរផ្សេងៗ។
លោកបានឱ្យដឹងផងដែរថា សម្រាប់រយៈពេល៦ខែ ២០២៤ ធៀបទៅនឹងរយៈពេល៦ខែ ឆ្នាំ២០២៣ កំណើនជាមធ្យម របស់អាកាយានដ្ឋានអន្តរជាតិទាំង៣ រួមមាន៖
* អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានអ្នកដំណើរចេញ-ចូល មានចំនួន ២,២៨១,៤៩៩នាក់ កើនឡើងប្រមាណ១៨.០៣% ។ ចំណែកចំនួនជើងហោះហើរមានចំនួន១៩,៨៨៧ កើនឡើងប្រមាណ ១២.៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។
* អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួនអ្នកដំណើរចេញ-ចូល បានប្រមាណ ៧១៩,៩៨២នាក់ កើនឡើងប្រមាណ៣៧% ចំណែកចំនួនជើងហោះហើរមានចំនួន៧,៧៩០ជើងកើនឡើងប្រមាណ២៧.%។
* អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនអ្នកដំណើរមានចំនួន ៣៥,៤៦៣នាក់ កើនឡើងប្រមាណ ១២.៨៣% ចំណែកចំនួនជើងហោះហើរមានចំនួន ១,០៤៨ ជើង កើនឡើងប្រមាណ ៣.៧៦%។
រីឯការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស (Cargo/Freight) ចេញ-ចូល (ទ្វេទិស)វិញ មានប្រមាណជិត ៣៥ ពាន់តោន ក្នុងនោះទំនិញតាមផ្លូវអាកាសអន្តរជាតិ(ក្រៅស្រុក) ស្ទើរតែទាំងស្រុង ស្របពេលដែលទំនិញតាមផ្លូវអាកាសក្នុងស្រុកមានចំនួនតិចតួចប៉ុណ្ណោះ៕