(សៀមរាប)៖ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា តំណាងមន្រ្តីធនាគាជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ឥណទានជូនអតិថិជន ត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន។
ការលើកឡើងរបស់លោក ម៉ែន ភក្តី ធ្វើឡើងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ កន្លងមកធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហា ប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។
លោកបានថ្លែងថា «ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ។
លោកបានបញ្ជាក់ថា ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និង ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។
លោក ម៉ែន ភក្តី បានបន្ថែមថា បន្ថែមពីនេះធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តនូវវិធានការពង្រឹង កិច្ចការពារអតិថិជន ដែលមានលក្ខណៈបុរេសកម្មជាច្រើន ព្រមទាំងបានគាំទ្រ និងសហការជាមួយ ភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការផ្តល់សេវាហិរញ្ញ វត្ថុប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍ របស់អតិថិជន។
លោក ម៉ែន ភក្តី បានលើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្ត ធានាឱ្យបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ផ្តល់ឥណទានប្រកប ដោយការទទួលខុសត្រូវ និងត្រូវចៀសវាងការស្នើសុំ ឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជនជាដើម។
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលើកឡើងថា កន្លងមក សមាគមបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងកិច្ចការពារអតិថិជនដូចជា ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, ដែលក្រមនេះត្រូវបានបង្កើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែង រវាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងទំនួលខុសត្រូវ ក្នុងការប្រកបវិជ្ជាជីវៈធនាគារ តាមរយៈការកំណត់បទដ្ឋានប្រតិបត្តិការអាជីវកម្ម សម្រាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុគោរព និងអនុវត្តតាម។
លោកស្រីបានបន្ដថា ក្រមប្រតិបត្តិដែលរួមមានវិធានផ្តល់ឥណទាន ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលដាក់ឲ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២២ កន្លងមក៕