(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៨ ៧២៨,៧១ ប៊ីលានរៀល ឬ ប្រមាណជា ២ ១៥៥,២៤ លានដុល្លារ ដែលស្មើនឹង ៥១,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។
នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំដោយផ្ទាល់និងតាមប្រព័ន្ធ អនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ចំពោះលទ្ធផលប្រមូលពន្ធ ក្នុងខែកក្កដា ឆ្នាំ២០២៤ លោក គង់ វិបុល បានបង្ហាញឱ្យដឹងថា ចំណូលដែលប្រមូលបានមានចំនួន ៩៦០,៧៩ ប៊ីលានរៀល ឬប្រមាណជា ២៣៧,២៣ លានដុល្លារ ដែលស្មើនឹង ៥,៧០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
អគ្គនាយកដ្ឋានពន្ធដារបានបន្តដាក់ចេញនូវវិធានការសំខាន់ៗ ដូចជា ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការប្រមូលចំណូលពន្ធ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងការអនុវត្តវិធានការសំខាន់ៗពាក់ព័ន្ធនឹង ១.អាករ ពិសេសលើវិស័យភេសជ្ជៈ និង ២.អត្រាអាករពិសេសសម្រាប់ផលិតផលថ្នាំជក់ផលិត និងចែកចាយក្នុងស្រុក។ បន្តសហការបញ្ចប់ការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូល ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល (RMS) បន្ថែមទៀត ដែលកន្លងមកអគ្គនាយកដ្ឋានពន្ធដារបានរៀបចំនិងផ្តល់ធាតុចូលរួចមកហើយ និងបន្ដធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងកម្មវិធីប្រកបដោយស្មារតីបុរេសកម្មតាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងពង្រឹងសមត្ថភាពមុខងារវិភាគទិន្នន័យបន្ថែមទៀត ដើម្បីបន្តជំរុញបង្កើនកម្រិតអនុលោមភាពសារពើពន្ធ ដោយធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ច ពន្ធដារ ប៉ុន្តែពិបាកក្នុងការគេចវេះ តាមរយៈការបន្តអភិវឌ្ឍបន្ថែមនូវមុខងារមួយចំនួន តាមធាតុចូលដែលទទួលបានពី អ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងងាយស្រួលក្នុងការអនុវត្ត៕