(ភ្នំពេញ)៖ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានពន្យល់ពីការចែកបែង ចំណូលមកប្រជាពលរដ្ឋក្រីក្រ តាមរយៈយន្តការគាំពារសង្គម ដើម្បីដកចំណូលពីអ្នកជីវភាពខ្ពស់ មកចែកដល់អ្នកមានជីវភាពខ្វះខាត់ ដែលរដ្ឋភាគច្រើននៅលើជុំវិញពិភពលោកអនុវត្ដ តាមរយៈឧបករណ៍សារពើពន្ធ។
ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ចន ណារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃគោលនយោបាយគាំពារសង្គម លើការកាត់បន្ថយភាពក្រីក្រ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ចន ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅនៅពេលដែលបងប្អូនប្រជាពលរដ្ឋ ដែលមានលទ្ធភាពខ្ពស់ ប្រើប្រាស់ផលិតផលប្រណិត គឺពួកគាត់តែងតែបង់ពន្ធលើសពីកម្រិតធម្មតា អីចឹងនេះគឺជាឧបករណ៍មួយ ដែលរដ្ឋប្រើប្រាស់ ដើម្បីបែកចែងចំណូលឡើងវិញ»។
ត្រង់ចំណុចនេះ លោក ចន ណារិទ្ធ បានពន្យល់ពាក្យ «បែកចែងចំណូលឡើងវិញ» គឺមានន័យថា អ្នកដែលមានជីវភាពធូរធារ គាត់ទទួលបានផលពីយុទ្ធការសេដ្ឋកិច្ចច្រើន ដូច្នេះរដ្ឋតែងតែប្រើប្រាស់ពន្ធ ដើម្បីដកពីគាត់ឲ្យបានច្រើន យកទៅចំណាយអ្នកដែលលទ្ធភាពទាប៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកបណ្ឌិត ចន ណារិទ្ធ៖