(ភ្នំពេញ)៖ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ក្នុងករណីមានវិបត្តិសេដ្ឋកិច្ច ការជួយដល់កម្មករ ក្នុងវិស័យឧស្សាហកម្ម ក្នុងក្របខ័ណ្ឌគាំទ្រសង្គម គឺធានាថាពួកគាត់នៅតែមានប្រាក់ចំណូល បណ្តុះជំនាញ និងបង្កើតសកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឱ្យពួកគាត់ទទួលបានចំណូល ដោះស្រាយជីវភាព។
ការលើកឡើងរបស់លោក ចន ណារិទ្ធ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃគោលនយោបាយគាំពារសង្គម លើការកាត់បន្ថយភាពក្រីក្រ»។
លោក ចន ណារិទ្ធ បានលើកឡើងថា គ្រោះអាសន្នត្រូវបានចែកចេញជា ៣ប្រភេទមាន កត្តាធម្មជាតិ, សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូច្នេះអន្ដរាគមន៍គាំពារសង្គម គឺអាស្រ័យលើប្រភេទនីមួយៗ ហើយសម្រាប់គោលនយោបាយ។
លោកបានបន្ដថា ជាក់ស្ដែងក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ករណីមានវិបត្តិសេដ្ឋកិច្ច ការជួយដល់កម្មករ ក្នុងវិស័យឧស្សាហកម្ម ក្នុងក្របខ័ណ្ឌគាំទ្រសង្គម គឺធានាថាពួកគាត់នៅតែមានប្រាក់ចំណូល បណ្តុះជំនាញ និងបង្កើតសកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីធានាបានថា នៅពេលសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ពួកគាត់នឹងត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមក្នុងសកម្មភាពផ្សេងៗ។
លោកបានបន្ថែមថា ប៉ុន្ដែក្នុងករណីដែលស្ថានភាពអូសបន្លាយរយៈពេលវែង ធ្វើឲ្យពួកគាត់ឃ្លាតឆ្ងាយទៅស្រុកកំណើត នោះក្របខណ្ឌគាំពារសង្គម បានអនុវត្តន៍នូវអន្ដរាគមន៍មួយដែលមានឈ្មោះថា សាច់ប្រាក់ពលកម្ម ដោយបង្កើតសកម្មភាពអភិវឌ្ឍន៍តូចៗក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ចូលរួមជាមួយវិស័យកសិកម្ម ប៉ុន្ដែក្នុងពេលព្រមគ្នាក៏ទទួលបានចំណូល ដើម្បីបំពេញ និងដោះស្រាយជំនួស ខណៈពេលដែលពួកគាត់បាត់បង់ចំណូលកន្លងមក៕
សូមស្តាប់ការពន្យល់របស់លោកបណ្ឌិត ចន ណារិទ្ធ៖