(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានគូសបញ្ជាក់ថា យន្តការគាំពារសង្គម ប្រៀបដូចជាសន្តិសុខដែលចាំជួយការពារ កុំឱ្យបាត់បង់ ផលិតភាពរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត ចន ណារិទ្ធ លើកឡើងបែបនេះធ្វើឡើង ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃគោលនយោបាយគាំពារសង្គម លើការកាត់បន្ថយភាពក្រីក្រ» របស់បណ្តាញព័ត៌មាន Fresh News។
លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា យន្តការគាំពារសង្គម ប្រៀបដូចជាសន្តិសុខដែលចាំជួយការពារ កុំឱ្យបាត់បង់ ផលិតភាពរបស់ប្រជាពលរដ្ឋ ដោយបានធានាសន្ដិសុខប្រាក់ចំណូល ដូច្នេះបើប្រជាពលរដ្ឋមានប្រាក់ចំណូល និងលៃលកយ៉ាងណាកុំឲ្យបាត់បង និងមានស្ថេរភាព និងកុំឲ្យបាត់បង់។
លោកបណ្ឌិតបានបន្ដថា សន្ដិសុខសង្គមបើស្ដាប់ទៅហាក់បីដូចជា កង់កម្លាំងធានាសុវត្ថិភាពសន្ដិសុខរបស់សង្គម តែក្នុងប្រព័ន្ធគាំពារសង្គម សន្ដិសុខសង្គម ការធានាលើប្រាក់ចំណូល ដោយទិដ្ឋភាពជំនានថ្មី ដោយបង្កើតផលិតភាព ដើម្បីទប់ស្កាត់ការបាត់បង់ប្រាក់ចំណូល ដោយសារការឈឺស្កាត់ដោយបញ្ហាសុខភាពណាមួយ ចំណែកមួយទៀតគឺការបង្កើនផលិតភាព ព្រោះថាបើសុខភាពល្អនោះផលិតភាពនឹងកើនឡើង។
លោកបណ្ឌិតបានបញ្ជាក់ថា ដូច្នេះបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើកិច្ចការដ៏សំខាន់មួយដែលមានឈ្មោះថា របរថែទាំសុខភាព។
សូមជម្រាបថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យ សាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន របបនេះបានដាក់ឱ្យដំណើរការ ចាប់ពីឆ្នាំ២០១៨ ហើយរាជរដ្ឋាភិបាលបានរ៉ាប់រងទាំងស្រុងលើការបង់ភាគទាន លើរបបនេះ។ ក្នុងឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ៥០ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបនេះ គិតមកត្រឹមខែធ្នូ ឆ្នាំ២០២៣ របបនេះ បានគ្របដណ្តប់សមាជិកចំនួន៤៦២ ៣៧៩ នាក់។
ចំណែករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលទាំងឡាយដែលស្តិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ របបនេះ បានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៦ ហើយចាប់ពីឆ្នាំ២០១៨ មកនិយោជកជាអ្នករ៉ាប់រងទាំងស្រុង លើការបង់ភាគទាន ក្នុងឆ្នាំ២០២៣ ប.ស.ស. ប្រមូលភាគទានបានចំនួនប្រមាណ ៤៤៧ ៩២៧.១៣ លានរៀល ពីសមាជិកចំនួន ១ ៤៩៤ ៥៧៦ នាក់៕