(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានអនុម័តលើវិធានសម្រាប់បន្តបន្តពង្រឹងប្រតិបត្តិការអាជីវកម្ម ដើម្បីធានានូវប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
វិធានសម្រាប់បន្តពង្រឹងប្រតិបត្តិការអាជីវកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលសមាគមទាំងពីរបានអនុម័តនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រួមមាន៖
១. មិនត្រូវទទួលយកដីកម្មសិទ្ធិសមូហភាព មានដូច ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ មកធ្វើជាទ្រព្យធានាឥណទានថ្មី។ ឧទាហរណ៍ ដីសហគមន៍ ដីសហគមន៍ជនជាតិដើមភាគតិច ដីសមូហភាព ដីអាជ្ញាធរជាតិអប្សរា ដីដែនជម្រកសត្វព្រៃ ដីតំបន់ការពារ ដីច្រករបៀង និងដីតំបន់ការពារផ្សេងទៀត ។ល។
២. ក្នុងករណីដែលគ្រឹះស្ថានកំពុងមានទ្រព្យធានាជាប្រភេទដីទាំងនោះ គ្រឹះស្ថាន៖
ក. មិនត្រូវប្រើវិធីសាស្រ្តលក់ដោយបង្ខំ ឬលើកទឹកចិត្តឱ្យអតិថិជនលក់ជាដាច់ខាត ។
ខ. ត្រូវប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ ដែលបានដាក់ជាទ្រព្យធានាឥណទានទាំង នោះ ទៅឱ្យអតិថិជនវិញ ក្រោយការបង់សងឥណទាននោះត្រូវបានបញ្ចប់។
៣. ហាមឃាត់ទទួលយកឯកសារសម្គាល់អត្តសញ្ញាណបុគ្គលដែលរួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្រកំណើត និងបណ្ណសមធម៌ សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាដាច់ខាត ។
៤. ការផ្តល់ឥណទានចំពោះគ្រួសារដែលមានបណ្ណសមធម៌ ត្រូវធ្វើឡើងដោយមានការវាយតម្លៃលទ្ធភាពសងឥណទានឱ្យបានត្រឹមត្រូវ និងហ្មត់ចត់។ ចៀសវាងការផ្តល់ឥណទានដែលមានទំហំលើសពីសមត្ថភាព ដែលអាចប្រឈមនឹងបំណុលច្រើនលើសលប់ ។
៥. ដើម្បីបន្តការធានាបាននូវបរិយាបន្នហិរញ្ញវត្ថុចំពោះប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលលើដី កម្មសិទ្ធិសមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ និងប្រជាពលរដ្ឋដែលមានបណ្ណសមធម៌នោះ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំងអស់ បន្តផ្តល់ឥណទានដល់ពួកគាត់តាមរយៈ ការផ្តល់ឥណទានដោយគ្មានទ្រព្យធានា ព្រមទាំងមានការវាយតម្លៃលទ្ធភាពបង់សងត្រឡប់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមបញ្ជាក់ថាវិធានការខាងលើ គឺជាយន្តការពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ មានភាពរឹងមាំ និរន្តរភាព ការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន៕