(ភ្នំពេញ)៖ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ និងនៅទីផ្សារកម្ពុជា បានបន្តហក់ឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយ ដែលនៅថ្ងៃនេះ តម្លៃមាសបានឡើងដល់២៥០០ដុល្លារក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬប្រមាណ៣០១២ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មួយនៅក្នុងទីផ្សារ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងខែសីហានេះ តម្លៃមាសបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ បើធៀបនឹងកាលពីខែមុន មាសតម្លៃខ្ពស់បំផុត នៅត្រឹម១អោន ២៤៨៣ដុល្លារ ឬស្មើនឹង២ ៩៩១ដុល្លារ ក្នុងមួយតម្លឹង ខណៈនៅក្នុងខែនេះ តម្លៃមាសខ្ពស់បំផុត បានឡើងដល់២៥០៩ ដុល្លារក្នុងមួយអោន ឬ ស្មើ៣០២២ដុល្លារ ក្នុងមួយតម្លឹង ពោលគឺកើនឡើង ៣១ដុល្លារ បន្ថែមទៀតក្នុងមួយតម្លឹង។
លោកបានឱ្យថា ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃមាសនេះ ដោយសារកត្តាមួយចំនួន ដូចជា ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក តាមរយៈការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។ លោកបានពន្យល់ថា កត្តាដែលនាំឱ្យតម្លៃមាសហក់ឡើងបែបនេះ គឺពាក់ព័ន្ធជាមួយអត្រាការប្រាក់ របស់ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីគេទទួលបានតម្រុយច្បាស់មុនថា ធនាគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់ពី០.២៥% ទៅ០.៥០% លើអត្រាការប្រាក់បច្ចុប្បន្ន ៥.៥០%។ ហើយការធ្លាក់ចុះនៃអាត្រាការប្រាក់នេះ បានធ្វើឱ្យអ្នកកាន់លុយដុល្លារ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ គេនឹងដកលុយ ទៅទិញមាស ឬទិញភាគហ៊ុន ឬក៏ទៅទិញអីផ្សេងក្រៅពីការទុកលុយដុល្លារ។
លោកបានកត់សម្គាល់ថា កត្តាមួយទៀត ដែលជំរុញឱ្យតម្លៃមាសហក់ឡើងដែរនោះ គឺពាក់ពន្ធនឹងបញ្ហាភូមិសាស្រ្តនយោបាយ ដោយរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តវាយប្រហារគ្នា ក៏ដូចការប៉ះទង្គិចគ្នារវាង អ៊ីស្រាអែល និងអ៊ីរ៉ង់ នាពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។មិនត្រឹមតែប៉ុណ្ណោះ ស្ថានភាពភូមិសាស្រ្តនយោបាយនេះ ក៏រុញច្រានឱ្យធនាគារកណ្តាលនៃប្រទេសមួយចំនួនបានបញ្ជាទិញមាសទុកសម្រាប់ធ្វើជាទុនបម្រុងអន្តរជាតិរបស់ខ្លួនផងដែរ។
ជាមួយគ្នា កត្តាសេដ្ឋកិច្ច អត្រាគ្មានការងារធ្វើ និងថ្លៃទំនិញ នៅសហរដ្ឋអាមេរិក ក៏ជះឥទ្ធិពលដល់ការឡើងថ្លៃមាសផងដែរ។
យោងតាមរបាយយការណ៍និន្នាការតម្រូវការមាស របស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញថា នៅក្នុងឆមាសទី២ ឆ្នាំ២០២៤នេះ តម្រូវការមាសសកលបានកើនឡើង៤% បើធៀបនឹងកាលពីឆ្នាំមុន ដែលជាតម្រូវការខ្ពស់មួយ គួរឱ្យកាត់សម្គាល់។
លោក ឡុង សំណាង បានលើកឡើងថា អនុភាពនៃស្ថានភាពតានតឹងនេះ នឹងបន្តរុញច្រានឱ្យតម្លៃបន្តហក់ឡើងបន្ថែមទៀត។ ហេតុនេះហើយ អាជីវករ និងអ្នកជួញដូរទៅលើតម្លៃហាងឆេងមាសអន្តរជាតិ សូមមានការប្រុងប្រយ័ត្ន ជៀសវាងការខាតបង់ ឬកប់ដើមទុន។
គួរបញ្ជាក់ផងដែរថា នៅប្រទេសកម្ពុជា ជម្រើសនៃវិនិយោគមាស មាន២សំខាន់ៗ គឺទី១. ទិញមាសពិតប្រាកដនៅតាមបណ្ដាតូបនិងហាងលក់មាសនានា និងជម្រើសទី២ គឺជួញដូរតាមរយៈឧបករណ៍និទស្សន្ទ។ ក្នុងការវិនិយោគក្នុងជម្រើសទី២ លោកឡុង សំណាង លើកទឹកចិត្តដល់អ្នកវិនិយោគគួរតែមានការប្រឹក្សាយោបល់ជាមួយអ្នកជំនាញឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការជួញដូររបស់ខ្លួនកាន់តែប្រសើរ និងទទួលបានផលចំណេញ៕