(ភ្នំពេញ)៖ បណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបន្តរំលឹក ណែនាំ និងជំរុញម្ចាស់សហគ្រាសផលិតនាំចូល និងចែកចាយបន្តបារីឱ្យអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករលើផលិតផលបារីរបស់ខ្លួនឱ្យបានត្រឹមត្រូវមុនដាក់លក់នៅលើទីផ្សារ និងត្រូវបង់ពន្ធអាករឱ្យបានគ្រប់ចំនួន ដើម្បីចៀសវាងការខាតបង់ប្រាក់កាស ឬទទួលរងទណ្ឌកម្មរដ្ឋបាលផ្សេងៗ។
លោកបានគូសបញ្ជាក់ថា បារីដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ គឺជាបារីខុសច្បាប់ ដែលនឹងត្រូវរឹបអូស ឬបំផ្លាញចោល នៅក្នុងយុទ្ធនាការចុះចាត់វិធានការតឹងរ៉ឹងរបស់ ក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី របស់អគ្គនាយកដ្ឋានពន្ធដារនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលខាងមុខ។
លោក ម៉ិញ បានកុសល លើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចបទតែមប្រិ៍អាករ សម្រាប់បារីអាករសម្រាប់បំភ្លឺសាធារណៈ និងការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ដល់សហគ្រាសផលិត នាំចូល និងចែកចាយបន្តផលិតផលស្រា ស្រាបៀរ និងបារី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណ២២៨នាក់។
ដោយឡែក ចំពោះអាករសម្រាប់បំភ្លឺសាធារណៈ លោកក៏បានបញ្ជាក់ថា ក្រៅពីមានកាតព្វកិច្ចបិទតែមប្រិ៍អាករ ផលិតផលបារី ក៏ត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ និងពន្ធអាករដទៃដូចផលិតផលស្រា និងស្រាបៀរផងដែរ។មុនខែមេសា ឆ្នាំ២០២៤ អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវកំណត់តាមអត្រា ៣% នៅគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់ផលិតផលបារី ស្រា និងស្រាបៀរទាំងនាំចូល និងផលិតក្នុងស្រុក ប៉ុន្តែដោយពិនិត្យឃើញថា ការកំណត់វិធាននៃការប្រមូលអាករ នៅគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់ ជាបន្ទុករដ្ឋបាលទាំងអ្នកជាប់ពន្ធ និងរដ្ឋបាលសារពើពន្ធ ព្រមទាំងមានសំណូមពរពីវិស័យឯកជនទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលនីតិវិធីនៃការប្រមូលអាករនេះ មកត្រឹមតែម្តងគត់គឺនៅពេលផ្គត់ផ្គង់ក្នុងស្រុកក្រោយពេលនាំចូល ឬផលិត ដោយកំណត់យកអត្រា ៥% ដែលចាប់ផ្តើមអនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ តាមរយៈអនុក្រឹត្យលេខ២៨៦ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងប្រកាសលេខ១៦៨ សហវ.ប្រក.អពដ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីអាករសម្រាប់បំភ្លឺសាធារណៈ។
ជាមួយគ្នានេះ លោក ម៉ិញ បានកុសល បានបញ្ជាក់បន្ថែមថា ដើម្បីសម្រួលដល់ការប្រកាសបង់អាករសម្រាប់បំភ្លឺសាធារណៈនេះ ក៏ដូចជាពន្ធអាករដទៃទៀត អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) ដែលអ្នកជាប់ពន្ធអាចដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដោយមិនចាំបាច់មកដាក់លិខិតប្រកាសដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ។ ការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារនេះ បានជួយកាត់បន្ថយពេលវេលា ថវិកា និងចំណាយផ្សេងៗទៀតដែលមិនចាំបាច់របស់អ្នកជាប់ពន្ធ ដែលជាផ្នែកមួយនៃការផ្តល់សេវាល្អសំដៅពង្រឹងអភិបាលកិច្ចល្អរបស់អគ្គនាយកដ្ឋានពន្ធដារ។
លោកថែមទាំងបានណែនាំនិងជំរុញម្ចាស់ និងតំណាងសហគ្រាសដែលចូលរួមក្នុងសិក្ខាសាលា ឱ្យចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ចៀសវាងទទួលរងនូវទណ្ឌកម្មរដ្ឋបាល និងទោសទណ្ឌនានាពីការគេចវេះពន្ធ ព្រមទាំងបានលើកឡើងថា វប្បធម៌នៃការបង់ពន្ធត្រឹមត្រូវ និងតម្លាភាពរបស់អ្នកជាប់ពន្ធនឹងបង្កបរិយាកាសធុរកិច្ចល្អ និងស្មើភាពសម្រាប់វិនិយោគិន ជាពិសេសបង្កើនបរិយាកាសការងារល្អ រវាងអ្នកជាប់ពន្ធ និងមន្ត្រីពន្ធដារ៕