(ភ្នំពេញ)៖ ធនគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ទៅកាន់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំពោះករណីបន្តអនុវត្តកម្រិតអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញជូនអតិថិជន។

លិខិតរបស់ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ដើម្បីផ្តល់លទ្ធភាពបន្ថែមឱ្យគ្រឹះស្ថានបញ្ចេញឥណទាន សំដៅចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថាន៖

* បន្តអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រឹមកម្រិត ១,២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូ
ឆ្នាំ២០២៥

* បន្តអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ ត្រឹមកម្រិត ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង

* រៀបចំឥណទានឡើងវិញជូនអតិថិជន ដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ស្របតាមលក្ខខណ្ឌកំណត់ក្នុងសារាចរណែនាំដោយឡែក។

គ្រឹះស្ថានត្រូវបញ្ចេញឥណទាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវ កំណើនប្រកបដោយចីរភាព និងរួមចំណែករក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើស្ថិរភាពប្រព័ន្ធធនាគារ និងប្រសិទ្ធភាពនៃការអនុវត្ត វិធានការអនុគ្រោះខាងលើ៕