(កំពង់ស្ពឺ)៖ រដ្ឋមន្រ្តីចំនួន៣រូប រួមមាន លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ព្រមទាំងសមាជិកសហព័ន្ធស្រូវកម្ពុជា បានទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែង ដែលជារោងម៉ាស៊ីនកិនស្រូវ ផលិត និងកែច្នៃអង្ករសម្រាប់នាំចេញ តាមបច្ចេកវិទ្យាទំនើប។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីទាំងបី បានរៀបចំឡើង នារសៀលទី២២ ខែសីហា ឆ្នាំ២០២៤ ដោយបានពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ អប្សារារ៉ាយស៍ (ខេមបូឌា) ឯ.ក និងរោងម៉ាស៊ីនកិនស្រូវរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ខបភើរេសិន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ព្រមទាំងរួមគ្នាផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជាដោយឈរលើមូលដ្ឋាន ដាំដុះមានគុណភាពល្អ កិនកែច្នៃប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមាននិរន្តរភាព និងប្រាក់ចំណេញដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយនានាផងដែរ។
លោក កាន់ គន្ធី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា នេះគឺជាលើកទី១ហើយ ដែលរដ្ឋមន្រ្តីរបស់កម្ពុជា មកពី៣ក្រសួងពាក់ព័ន្ធបានចុះពិនិត្យមើលស្ថានភាពរោងម៉ាស៊ីនកិនស្រូវដោយផ្ទាល់។ ហើយតាមរយៈដំណើរទស្សនកិច្ច ពិនិត្យមើលដំណើរការនៃការផលិត និងកែច្នៃអង្ករសម្រាប់នាំចេញនេះ នឹងជួយជំរុញការផ្សព្វផ្សាយអង្ករខ្មែរឱ្យកាន់តែល្បីទៅកាន់ទីផ្សារផ្សេងៗទៀត។
លោកបន្តថា «សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្តធ្វើការជាមួយនឹងរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធ ខណៈនៅខែកញ្ញា ខាងមុខនេះ យើងនឹងធ្វើវេទិកាស្រូវអង្ករ ដោយមានការចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ យើងឃើញថាចលនានៃការធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយកេរ្តិ៍ឈ្មោះអង្ករខ្មែររបស់យើងទៅកាន់ទីផ្សារអន្តរជាតិផ្សេង វាកាន់តែមានភាពផុសផុល»៕