(កំពង់ស្ពឺ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានជំរុញឱ្យរោងម៉ាស៊ីន ដែលផលិត និងកែច្នៃអង្ក គួរកែច្នៃអង្កាម និងកន្ទក់ ឱ្យប្រយោជន៍ ដើម្បីទទួលបានតម្លៃបន្ថែម ខណៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងគិតគូរបន្ថែម ពីទីផ្សារអង្គាមនេះផងដែរ។
លោកស្រីលើកឡើងថា អង្កាម និងកន្ទក់ អាចកែច្នៃបានជាប្រយោជន៍បានយ៉ាងច្រើន ដូចជាជាយកទៅធ្វើជាជីជីវម៉ាស់ និងការធ្វើជាចំណីសត្វជាដើម។
លោកស្រីលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីរួមនឹង រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និង រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នារសៀលទី២២ ខែសីហា ឆ្នាំ២០២៤។
លោក កាន់ គន្ធី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា អង្កាម ដែលធ្លាប់ជាសំណល់ ដែលគេទុកចោល និងគ្មានតម្លៃនោះ បច្ចុប្បន្ននេះចាប់ផ្តើមមានតម្លៃបន្តិចៗម្តងហើយ ដោយសារគេយកវាទៅកែច្នៃ ដូចជា គេយកវាទៅដុត ដើម្បីសម្ងួតស្រូវ ហើយយកធ្វើជាជីធម្មជាតិ ជាវត្ថុធាតុដើមលាយជាមួយស៊ីម៉ង់ត៍ និងធ្វើធ្យូងអនាម័យ ដែលមានចំហេះខ្ពស់។
លោកបានលើកឡើងថា «កាលពី៤-៥ ឆ្នាំមុន អង្កាម អត់មានគិតលុយទេ ប៉ុន្តែឥលូវនេះអង្កាមក៏អាចលក់បានលុយដែរ។ យើងឃើញថា មានរោងចក្រផលិតស៊ីម៉ង់តិ៍ជាច្រើនទិញអង្កាម ទិញផេះ ហើយយើងក៏ឃើញថា មានការទិញអង្កាមយកទៅផលិតជីធម្មជាតិ ដូចជាជីកំប៉ុស្តិ៍ ហើយក៏ឃើញមានខាងមួយចំនួនទៀត ក៏យកអង្កាមទៅធ្វើធ្យូងអនាម័យ ដែលមានចំហេះខ្ពស់ជាងអុស»។
បើតាមលោក កាន់ គន្ធី បច្ចុប្បនេះ អង្កាមមួយតោនមានតម្លៃចន្លោះពី ២៥ដុល្លារទៅ៣០ដុល្លារ ទៅតាមរដូវកាល៕