(វ៉ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) អាមេរិកបានឱ្យដឹងថា ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តស្ព័រ Model X ចំនួន ៩ ១៣៦គ្រឿង ដើម្បីជួសជុលបញ្ហាបំណែកដំបូល ដែលអាចជ្រុះចេញពីដំបូល ដែលបង្កើនហានិភ័យគ្រោះថ្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ការប្រមូលរថយន្តមកជួសជុលវិញនេះ ជាករណីដ៏កម្រសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Tesla ដែលមានមូលដ្ឋាននៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ដោយជាធម្មតាក្រុមហ៊ុនជួសជុល បញ្ហានៅក្នុងរថយន្តរបស់ខ្លួន តាមរយៈការធ្វើបច្ចុប្បន្នភាពសុសវែរ តាមអ៊ីនធឺណិត។
យោងតាមក្រុមហ៊ុន Bizzycar ដែលជាអ្នកបង្កើតវេទិកាគ្រប់គ្រងការប្រមូលរថយន្ត មកជួសជុល បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានប្រមូលរថយន្តជិត ២,៦លានគ្រឿង ដោយសារការព្រួយបារម្ភ អំពីសុវត្ថិភាពក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ តែចំនួននេះនៅទាបជាងក្រុមហ៊ុន Ford Motor ដែលបានប្រមូលរថយន្តប្រហែល ៣,៦លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក។
និយតករសុវត្ថិភាពរថយន្ត NHTSA របស់សហរដ្ឋអាមេរិកបានឱ្យដឹងនៅក្នុងលិខិតមួយចុះថ្ងៃទី២០ ខែសីហាថា៖ «បំណែកដំបូលខាងមុខ និងកណ្តាលអាចត្រូវបានបំពាក់ទៅនឹងរថយន្តដោយមិនមានបិទភ្ជាប់ថ្នាំស្អិត។ ជាលទ្ធផល បំណែកមួយឬទាំងពីរអាចជ្រុះចេញពីរថយន្ត»។
របាយការណ៍អំពីការប្រមូលរថយន្ត មកជួសជុលរបស់និយ័តករ NHTSA បានឱ្យដឹងថា ប្រសិនបើបំណែកដំបូងទាំងនោះខ្វះភាពជាប់ស្អិត បំណែកនោះអាចជ្រុះចេញពីយានជំនិះតាមពេលវេលា ដែលបង្កើតឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនហានិភ័យគគ្រោះថ្នាក់៕