(បាងកក)៖ អតីតនាយករដ្ឋមន្ត្រី ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានអំពាវនាវឱ្យធនាគារកណ្តាលថៃ បង្កើនសាច់ប្រាក់ងាយស្រួល តាមរយៈការកាត់បន្ថយការលក់មូលបត្របំណុល ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
យោងតាម កាសែតបាងកកប៉ុស្តិ៍ លោក ថាក់ស៊ីន បាននិយាយថា ចាប់តាំងពីខែឧសភាមក ធនាគារកណ្តាលថៃ បាននិងកំពុងបង្ហូរសាចក់ប្រាក់ងាយស្រួលប្រហែល ១% ពីប្រព័ន្ធជារៀងរាល់ខែ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងកាត់បន្ថយការលើកទឹកចិត្តដល់ធនាគារពាណិជ្ជក្នុងការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច។
ការថ្លែងរបស់លោកបានធ្វើឡើង ក្នុងអំឡុងពេលធ្វើបទបង្ហាញស្តីពី «ចក្ខុវិស័យសម្រាប់ប្រទេសថៃ» របស់គាត់កាលពីយប់ថ្ងៃព្រហស្បតិ៍។ ក្នុងពេល ធ្វើបទបង្ហាញនោះ លោកបានថ្លែងថា ធនាគារមិនត្រូវបានលើកទឹកចិត្តឱ្យផ្តល់ប្រាក់កម្ចី ដើម្បីជំរុញសេដ្ឋកិច្ចទេ ដោយសារតែពួកគេអាចរកប្រាក់ចំណេញ បានពីការប្រាក់ដោយគ្មានហានិភ័យ តាមរយៈការទិញមូលបត្របំណុលរបស់ធនាគារថៃ ជំនួសឱ្យការផ្តល់ប្រាក់កម្ចី ក្នុងបរិយាកាសសេដ្ឋកិច្ចមិនច្បាស់លាស់។
លោកបានស្នើឱ្យធនាគារកណ្តាល រក្សាកម្រិតសាច់ប្រាក់ងាយស្រួល នៅក្នុងប្រព័ន្ធដែលបង្ខំឱ្យធនាគារពាណិជ្ជ ផ្តល់ប្រាក់កម្ចីឱ្យកាន់តែសកម្ម ដោយហេតុនេះ ជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។ លោកបានស្នើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចរចាជាមួយសមាគមធនាគារថៃ និងធនាគារកណ្តាលថៃ ឱ្យរៀបចំគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុឱ្យបានល្អប្រសើរជាងនេះ ខណៈដែលនៅតែគោរពឯករាជ្យភាព របស់ធនាគារកណ្តាល។
លោកបានបន្ថែមថា៖ «វាមិនមែនថា ធនាគារកណ្តាលថៃ មិនអាចដកប្រាក់ពីប្រព័ន្ធបានទេ ប៉ុន្តែគួរតែមានការពិភាក្សា អំពីកម្រិតណាដែលសមរម្យ»៕