(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញល្បីឈ្មោះក្នុងវិស័យកសិកម្ម បានកត់សម្គាល់ថា កម្ពុជាហាក់កំពុងមានភាពទាក់ទាញវិនិយោគិនបទេស ក្នុងការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យកសិ-ឧស្សាហកម្ម ដើម្បីផលិត និងកែច្នៃផលិតផលកសិកម្ម សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងនាំចេញ ស្របពេលដែលកម្ពុជា មានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ដែលធ្វើឱ្យមានទីផ្សារកាន់តែធំ។
លោកបានលើកឡើងថា ជាទូទៅវិនិយោគិនបរទេស ដែលទៅវិនិយោគនៅប្រទេសណាមួយ គេតែងតែងសង្កេតមើលទៅលើកត្តាមួយចំនួន ដូចជា ទី១. កត្តាស្ថិរភាពនយោបាយ ដែលគេមើលថា តើប្រទេសនោះមានស្ថិរភាពនយោបាយដែរទេ ហើយភូមិឃុំមានសុវត្ថិភាពដែរឬអត់?។ ទី២. ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចល្អ។ សម្រាប់កម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ រក្សាបាននូវកំណើនសេដ្ឋកិច្ចល្អ ពោលគឺប្រមាណ៧% មុនពេលរីករាលដាលនៃជំងឺកូវីដ១៩ និងនៅឆ្នាំនេះ មានកំណើនប្រមាណ៥%ទៅ៦%។ ទី៣.គឺកត្តាទីផ្សារ ខណៈដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ជាដើម ដូច្នេះហើយទីផ្សារផលិតផលកម្ពុជា មិនមែនមានតែសម្រាប់ប្រជាជន ១៧លាននាក់នោះទេ គឺមានច្រើនប្រទេស។
លោកបន្ថែមថា កត្តាជួយទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជាសំខាន់មួយទៀតនោះ គឺស្ថិរភាពប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារ។
លោកសង្កេតឃើញថា ក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលវិនិយោគបរទេសចាប់អារម្មណ៍មកវិនិយោគនោះគឺ ការកែច្នៃស្វាយចន្ទី ដែលទីផ្សារពិភពលោក កំពុងមានតម្រូវការ។ បន្ទាប់មក គឺកៅស៊ូ ស្រូវអង្ករ ពោត សណ្តែក និងផ្នែកជលផល៕