(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពិតាននៃការខ្ចីបំណុលសាធារណៈពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេស ដោយក្នុងបរិការណ៍សេដ្ឋកិច្ចបច្ចុប្បន្ននេះ កម្ពុជា​អាចបានក្នុងរង្វង់ ១.៧ ​ទៅ ២ប៊ីលានអេសដេអ៊ែ ឬប្រមាណ (២.៣​ ទៅ២.៧ ប៊ីលានដុល្លារ) ក្នុងមួយឆ្នាំ ហើយកម្ចីនោះត្រូវតែយកមកប្រើ​សម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះ​។ នេះបើយោងតាមយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាលទើបតែបានដាក់ចេញ។

តាមរយៈឯកសារនេះ បានបញ្ជាក់ថាផងដែរថា ក្នុងករណីកាលៈទេសៈចាំបាច់ កម្ចីបរទេសអាចបង្កើនដល់២.៥ ប៊ីលានអេសដេអ៊ែ ឬប្រមាណ ៣.៣៧ ប៊ីលានដុល្លារក្នុងមួយឆ្នាំ។ តែយ៉ាងណា រាជរដ្ឋាភិបាលបានកំណត់ថា កម្ចីបរទេសមិនអាចលើសពី ១០ប៊ីលានអេសដេអ៊ែ ឬប្រមាណ១៣.៥ ប៊ីលានដុល្លារឡើយ។

​ទន្ទឹមគ្នានេះ ការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងប្រទេសត្រូវស្ថិតក្នុងរង្វង់ ៥០០ប៊ីលាន ទៅ ១ទ្រីលានរៀល (​ឬប្រមាណ​ជាង១២០​ទៅ២៤០លានដុល្លារ) ក្នុងមួយឆ្នាំ។ ​ក្នុងកាលៈទេសៈចាំបាច់ អាចបង្កើនដល់ ១.២ទ្រីលានរៀល (ឬជិត៣០០លានដុល្លារ)ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ៤ទ្រីលានរៀល ​(ឬ​ប្រមាណ ១ប៊ីលានដុល្លារអាមេរិក​) ក្នុងរយៈពេល៥ឆ្នាំនេះ។

យោងតាមយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨ បានបញ្ជាក់ថា ​ចំពោះហិរញ្ញប្បទានដែលកៀរគរ តាមរយៈការខ្ចីពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេស ត្រូវប្រើប្រាស់សម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជាពិសេសការបង្កើនផលិតភាពផលិតកម្ម, ការជំរុញការតភ្ជាប់, និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដូចជា៖ ផ្លូវថ្នល់, ស្ពាន, ប្រព័ន្ធស្រោចស្រព, អគ្គិសនី, កំពង់ផែ, ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន, ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់, ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជំរុញការអភិវឌ្ឍវិស័យ ឧស្សាហកម្ម, ឡូជីស្លឹក, ឌីជីថល ជាដើម។ ទន្ទឹមនេះ​ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទាំងនោះ ត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍គ្រឹះនៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ បន្ថែមលើនេះ, ចំពោះគម្រោងណា ដែលអាចបង្កើតចំណូលដោយផ្ទាល់ ត្រូវអនុវត្តតាមយន្តការឱ្យខ្ចីបន្ត ឬយន្តការផ្សេងទៀត ដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ចំពោះទុនបានពីការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងប្រទេស ត្រូវប្រើប្រាស់ជាអាទិភាពសម្រាប់ ហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ ស្របតាមច្បាប់ស្តីពីមូលបត្ររដ្ឋ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន ព្រមទាំងត្រូវគោរពតាមគោលការណ៍ចីរភាពបំណុលសាធារណៈ។ ​

សូមជម្រាបផងដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១.០៩ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៩៩.១២% ត្រូវប្រមាណ ១១ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង ០.៨៨% ត្រូវនឹងប្រមាណ ៩៨លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

​ចិនជាប្រទេសដែលផ្តល់កម្ចីច្រើនជាងគេដល់កម្ពុជា ដែលមានចំណែក ៣៦% ​មានទឹកប្រាក់ប្រមាណ ៣.៩៩ពាន់លានដុល្លារ, ចំណែកជប៉ុន មានចំណែកប្រមាណ ១១% មានទឹកប្រមាណជាង ១.២១ពាន់លានដុល្លារ​, កូរ៉េ ៥% ប្រមាណ ៥៥០លានដុល្លារ, បារាំង ៥% មានទឹកប្រាក់ ប្រមាណ ៥៥០លានដុល្លារ ព្រមទាំងបំណុលមរតកមានចំនួន ៦% ដែលមានទឹកប្រាក់ ៦៦០លានដុល្លារ, ចំណែកបំណុលពហុភាគីវិញ កម្ពុជាជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ី ២១% ដែលមានចំនួនទឹកប្រមាណ ២.៣២ពាន់លានដុល្លារ, ធនាគារពិភពលោក ១២% ប្រមាណ ១.៣៣ពាន់លានដុល្លារ និងពហុភាគីផ្សេងទៀត ៣% ប្រមាណ ៣៣០លានដុល្លារ៕

ចុចអានទីនេះ៖https://t.me/freshnewsasia/199411