(ប៉េកាំង)៖ ផ្លែទុរេនស្រស់ដំបូងបង្អស់របស់ប្រទេសម៉ាឡេស៊ីដែលបាននាំចេញទៅកាន់ទីផ្សារចិនបានទៅដល់ប្រទេសចិនហើយ ដោយកំពុងប្រជែងនឹងផ្លែទុរេនពីប្រទេសថៃនិងវៀតណាម។ នេះបើយោងតាមកាសែត China Morning Post។
កាសែត China Morning Post បានរាយការណ៍ថា លោក Datuk Arthur Joseph Kurup អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសន្តិសុខស្បៀងម៉ាឡេស៊ីបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ក្រុមហ៊ុននាំចេញបានចាប់ផ្តើមដឹកជញ្ជូនទុរេនស្រស់ចំនួន ៤០តោនក្នុងបីដំណាក់កាល។
ប្រទេសចិនគឺជាអ្នកទិញទុរេនច្រើនជាងគេបំផុតរបស់ពិភពលោក ហើយបាននាំចូលទុរេនចំនួន ១,៤លានតោនកាលពីឆ្នាំមុន ដោយ ៦៨% បាននាំចូលពីប្រទេសថៃបើគិតជាតម្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិក។
ប៉ុន្តែលោក Lim Chin Khee ទីប្រឹក្សារបស់វិទ្យាស្ថានសិក្សាទុរេន (Durian Academy) របស់ម៉ាឡេស៊ីដែលជាស្ថាប័នបណ្តុះបណ្តាលកសិករម៉ាឡេស៊ីបាននិយាយថា ម៉ាឡេស៊ីដែលបានបំពេញតាមលក្ខខណ្ឌតម្រូវភូត្តគាមអនាម័យរបស់ប្រទេសចិនក្នុងការនាំចេញទុរេនស្រស់នៅក្នុងខែមិថុនានោះ អាចនឹងក្លាយជាប្រទេសនាំចេញទុរេនដែលមានគុណភាពជាជាងបរិមាណ។
លោក Lim បានមានប្រសាសន៍ថា៖ «ទុរេនម៉ាឡេស៊ីត្រូវបានចាត់ទុកថាជាផលិតផលប្រណិត ហើយបច្ចុប្បន្នបរិមាណនៃការនាំចេញមានបរិមាណតូចជាង និងផ្តោតលើអ្នកប្រើប្រាស់លំដាប់ខ្ពស់»។
យោងតាមកាសែត China Morning Post សម្រាប់ដំណាក់កាលទី១ ទុរេនទម្ងន់ ២០តោនបាននាំចូលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Zhengzhou Xinzheng ក្នុងខេត្តហេណានកាលពីថ្ងៃអាទិត្យ។
ទុរេនដែលត្រូវបានគេចាត់ទុកថាជា «ស្តេចផ្លែឈើ» ជាអាហារឆ្ងាញ់មួយប្រភេទនៅក្នុងប្រទេសចិន ហើយអាចត្រូវបានគេប្រើប្រាស់ធ្វើជាអំណោយក្នុងឱកាសពិសេសៗ រួមទាំងពិធីមង្គលការផងដែរ។
ទុរេនឥណ្ឌូណេស៊ីក៏នឹងចាំបាច់ត្រូវឆ្លើយតបទៅនឹងលក្ខខណ្ឌភូត្តគាមអនាម័យរបស់ប្រទេសចិនផងដែរ ដែលមានន័យថាជាដំណើរការសម្រាប់ការត្រួតពិនិត្យ ការផ្តល់វិញ្ញាបនបត្រ និងការធ្វើចត្តាឡីស័ក ដើម្បីធានាថា ទុរេនគ្មានសត្វល្អិតនិងជំងឺ។
ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍កាលពីខែកក្កដាថា មន្ត្រីរបស់រដ្ឋាភិបាលក្រុងហ្សាការតាសង្ឃឹមថានឹងបង្កើនការនាំចេញទុរេនពីខេត្តស៊ូឡាវេស៊ីដែលស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី ដោយសម្លឹងឃើញប្រទេសចិនថាជា «ទីផ្សារដ៏មានសក្តានុពល» ដោយសារមានតម្រូវការខ្ពស់នូវផ្លែឈើនេះក្នុងចំណោមអ្នកប្រើប្រាស់ចិន»៕