(អាំស្ទែដាំ)៖ អង្គភាពឃ្លាំមើលទិន្នន័យ (DPA) របស់ប្រទេសហូឡង់ បានឱ្យដឹងនៅដើមសប្តាហ៍នេះថា ក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ី Uber ត្រូវរងពិន័យជាប្រាក់ចំនួន ២៩០លានអឺរ៉ូ (៣២៤លានដុល្លារអាមេរិក) នៅក្នុងប្រទេសហូឡង់ដោយសារក្រុមហ៊ុននេះបានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើករថយន្តតាក់ស៊ីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក ដែលបំពានច្បាប់របស់សហភាពអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អង្គភាពឃ្លាំមើលទិន្នន័យ (DPA) បានបន្ថែមថា ក្រុមហ៊ុន Uber បានបញ្ឈប់ការផ្តល់ព័ត៌មាននេះហើយ។
អ្នកនាំពាក្យក្រុមហ៊ុន Uber លោក Caspar Nixon បានទីភ្នាក់ងារព័ត៌មានប្រាប់រ៉យទ័រតាមអ៊ីមែលថា៖ «ការសម្រេចចិត្តដែលខុសឆ្គងនេះ និងការផាកពិន័យនេះគឺមិនសមហេតុផលទាល់តែសោះ។ ដំណើរការផ្ទេរទិន្នន័យឆ្លងដែនរបស់ក្រុមហ៊ុន Uber អនុលោមតាមបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) ក្នុងអំឡុងពេល ៣ឆ្នាំនៃការកើតមានភាពមិនប្រាកដប្រជាដ៏ធំធេងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យើងនឹងប្តឹងឧទ្ធរណ៍ ហើយនៅតែមានទំនុកចិត្តថាភាពត្រឹមត្រូវនឹងឈ្នះ»។
អង្គភាព DPA បាននិយាយថា៖ «ក្រុមហ៊ុន Uber បានផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកតាក់ស៊ីអឺរ៉ុបទៅសហរដ្ឋអាមេរិក ហើយមិនបានការពារទិន្នន័យឱ្យបានត្រឹមត្រូវ»។ អង្គភាពនេះបានបន្ថែមថា៖ «ការណ៍នេះបង្កកឱ្យមានជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទប្បញ្ញត្តិការពារទិន្នន័យទូទៅ»។
ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងដោយសារមានពាក្យបណ្តឹងរបស់អ្នកបើកតាក់ស៊ីជនជាតិបារាំង។ និយតករការពារទិន្នន័យជាតិរបស់បារាំង (CNIL) បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយថា ខ្លួនបានសហការជាមួយដៃគូរបស់ខ្លួននៅក្នុងប្រទេសហូឡង់ ដែលជាមូលដ្ឋានដ៏សំខាន់នៅអឺរ៉ុបរបស់ក្រុមហ៊ុន Uber។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕