(តូក្យូ)៖ ខណៈភ្ញៀវទេសចរសម្រុកទៅទស្សនាប្រទេសជប៉ុន ដោយសារប្រទេសនេះ មានបដិសណ្ឋារកិច្ចដ៏ល្បីល្បាញ នៅលើពិភពលោក មានអាហារស៊ូស៊ីពិសេស និងទីសក្ការបូជាបុរាណគួរឱ្យចង់គយគន់ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន កំពុងប្រឈមនឹងកង្វះអ្នកបើកបរយន្តហោះយ៉ាងខ្លាំង ហើយការស្វែងរកអ្នកបើកបរ មកបំពេញបន្ថែមអាចមិនងាយស្រួល។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា បច្ចុប្បន្នប្រទេសជប៉ុន មានអ្នកបើកយន្តហោះប្រហែល ៧ ១០០នាក់ ហើយរដ្ឋាភិបាលជប៉ុនមានផែនការត្រូវការ ១ពាន់នាក់បន្ថែមទៀតនៅឆ្នាំ២០៣០ ដើម្បីជួយឱ្យសម្រេចបានទិសដៅរបស់ខ្លួន ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យបាន ៦០លាននាក់នៅឆ្នាំដដែល។
បើយោងតាម Bloomberg ជប៉ុនអាចសម្លឹងរកមើលអ្នកបើកបរយន្តហោះ ពីក្រៅប្រទេសពោល គឺវិធានការមួយដែលកំពុងត្រូវបានពិចារណា ដោយក្រុមការងារដែលបង្កើតឡើង ដោយក្រសួងដឹកជញ្ជូនកាលពីដើមឆ្នាំនេះ។ វិធានការនេះរួមមានទាំងការបំប្លែងអាជ្ញាប័ណ្ណរបស់អ្នកបើកបរយន្តហោះបរទេស ទៅជាអាជ្ញាធរប័ណ្ណរបស់ជប៉ុន ក្នុងល្បឿនឱ្យបានកាន់តែលឿន និងចំណាយកាន់តែទាប។
ប៉ុន្តែមានហេតុផលមួយចំនួន ដែលការជួលអ្នកបើកបរយន្តហោះ មកពីបរទេសមិនងាយស្រួលទេ។ មានការប្រឆាំងពីសហជីពក្នុងស្រុក និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដែលជាធម្មតាចំណាយលើប្រាក់ខែ អ្នកបើកបរតិចជាងក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងប្រទេសផ្សេងទៀត។
យោងតាមក្រសួងដឹកជញ្ជូនជប៉ុនបានឱ្យដឹងថា ក្រៅពីកង្វះអ្នកបើកបរយន្តហោះ កាពីទែនបើកបរយន្តហោះជាច្រើន របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលបច្ចុប្បន្នមានអាយុច្រើនជាង ៥០ឆ្នាំ គ្រោងនឹងចូលនិវត្តន៍នៅឆ្នាំ២០៣០។
លោក Nobuhito Abe ដែលជាដៃគូ និងជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអាកាសចរណ៍ និងឧស្សាហកម្មនៅក្រុមហ៊ុន Kearney បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «ក្រុមហ៊ុនអាកាសចរណ៍ធំៗ នឹងត្រូវពិនិត្យមើលឡើងវិញ នូវដំណើរការប្រតិបត្តិការផ្ទៃក្នុងរបស់ពួកគេ ដើម្បីសម្រួលដល់អ្នកបើកបរយន្តហោះបរទេស»។
លោកបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននៅតែប្រើប្រាស់អ្នកបើកបរយន្តហោះជនជាតិ ជប៉ុនច្រើន។
ប្រភពក្នុងឧស្សាហកម្មបាននិយាយថា ជាមធ្យម កាពីទែនបម្រើការនៅក្រុមហ៊ុន Japan Airlines Co. និងក្រុមហ៊ុន All Nippon Airways Co. ទទួលបានប្រាក់ខែប្រចាំឆ្នាំប្រហែល ២៥លានយ៉េន (១៧២ ៩០០ដុល្លារ)។ ប្រភពដដែលបានបន្ថែមថា អ្នកបើកបរយន្តហោះដែលមានបទពិសោធហោះហើររយៈពេល ១២ឆ្នាំនៅក្រុមហ៊ុន Delta Air Lines Inc. របស់អាមេរិកអាចទទួលបានប្រាក់ខែប្រហែល ៤៥៣ ០០០ដុល្លារ ខណៈដែលអ្នកបើកបរនៅក្រុមហ៊ុន American Airlines Inc. អាចទទួលបានប្រាក់ខែប្រហែល ៤៨០ ០០០ដុល្លារក្នុងមួយឆ្នាំ។
ដោយមិនមានដំណោះស្រាយច្បាស់លាស់ ស្របពេលដែលចំនួនភ្ញៀវទេសចរកើនឡើងដល់កម្រិតខ្ពស់ថ្មីប្រចាំខែ ក្រុមការងារជំនាញដែលបង្កើតឡើង ដោយក្រសួងដឹកជញ្ជូនជប៉ុនក៏កំពុងពិចារណាលើមធ្យោបាយលើកទឹកចិត្ត ឱ្យកាពីទែនបន្តធ្វើការក្រោយអាយុ ៦៥ឆ្នាំផងដែរ។ ក្រុមការងារនេះក៏កំពុងសម្លឹងមើលវិធីផ្សេងទៀត ដើម្បីទាក់ទាញអ្នកបើកបរយន្តហោះជាស្ត្រីផងដែរ។
លោក Kentaro Fujibayashi មន្ត្រីការិយាល័យគោលនយោបាយនាវិក នៃការិយាល័យអាកាសចរណ៍ស៊ីវិលជប៉ុនបានថ្លែងថា រដ្ឋាភិបាលប៉ុនប្តេជ្ញាបង្កើនចំនួនអ្នកបើកបរយន្តហោះនៅក្នុងប្រទេសជប៉ុនតាមមធ្យោបាយផ្សេងៗ។
លោកបានមានប្រសាសន៍ថា៖ «ប្រហែលជាមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដែលជ្រើសរើសអ្នកបើកបរយន្តហោះបរទេសយ៉ាងសកម្ម ហើយអាចនឹងមានក្រុមហ៊ុនផ្សេងទៀតដែលមិនធ្វើដូច្នេះ»។ លោកបានបន្ថែមថា៖ «ប៉ុន្តែវាជាគោលដៅដែលយើងត្រូវខិតខំ ហើយយើងនឹងធ្វើឱ្យអស់ពីសមត្ថភាពរបស់យើង» ដើម្បីសម្រេចបានគោលដៅចំនួនភ្ញៀវទេសចរ ៦០លាននាក់នៅឆ្នាំ២០៣០៕