(ភ្នំពេញ)៖ ក្រុមហ៊ុនមួយបានបណ្តាក់ទុនវិនិយោគ លើការដាំដុះ និងផលិតផ្អកស្មៅផ្អែម ដែលចំណីសត្វពាហនៈមានប្រូតេអ៊ីន និងសារធាតុចិញ្ចឹមខ្ពស់ ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមសត្វពាហន:កម្ពុជា និងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
ការដាំដុះ និងផលិតផ្អកស្មៅផ្អែមសូហ្គាំ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុនក្រុមហ៊ុន ហេង អរ ភី ឌីវេរឡុបមិន ឯ.ក ស្ថិតនៅលើទឹកដីខេត្តបាត់ដំបង។
តំណាងក្រុមហ៊ុន ហេង អរ ភី ឌីវេរឡុបមិន ឯ.ក ដែលបានចូលរួមការតាំងពិពណ៌សត្វសត្វចិញ្ជឹមកម្ពុជា ដែលសហការណ៍ជាមួយ Agri Cambodia Expo 2024 និង Aqua Fisheries Cambodia Expo 2024 នៅក្នុងមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ នាថ្ងៃទី ២៨-៣០ ខែសីហា ឆ្នាំ ២០២៤ បានឱ្យដឹងថា ស្មៅផ្អែមសូហ្គាំ «Sweet Sorghum» ជាប្រភេទស្មៅដែលមានគុណសម្បត្តិល្អពិសេស ក្នុងការផលិតចំណីផ្អាប់សត្វពាហន:។
ស្មៅផ្អែមសូហ្គាំនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសំរាប់ផលិតចំណីសត្វពាហន: នៅបណ្តាប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ ចិនជាដើម។ ល។ ស្មៅផ្អែមសូហ្គាំមានសារជាតិស្ករប្រមាណ១០-១៤% និង មានសារជាតិចិញ្ចឹម ប្រូតេអ៊ីនខ្ពស់ បូករួមជាមួយការវេចខ្ចប់តាមបច្ចេកទេសទំនើប ជាមួយទឹកសារជាតិបង្កើនប្រូតេអ៉ីន នៃរូបមន្តផលិតចំណីផ្អាប់សត្វពាហន:តាមស្តង់ដាជប៉ុនផងដែរ។
ស្មៅផ្អែមសូហ្គាំផលិតចំណីសត្វពាហន:នេះ មានការសិក្សាស្រាវជ្រាវនិងវាយតំលៃគុណភាពយ៉ាងហ្មត់ចត់ដែលប្រើពេលវេលាជាង១២ឆ្នាំ ដោយក្រុមអ្នកជំនាញផលិតចំណីផ្អាប់សត្វពាហន:ជប៉ុននិងអន្តរជាតិ ។ ការសិក្សាស្រាវជ្រាវនេះ បានធ្វើទាំងនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ដោយរួមទាំងយកសំណាកចំណីនេះ ទៅវិភាគនៅទីពិសោធន៍គុណភាពចំណីសត្វនៅប្រទេសជប៉ុនផងដែរ។ គុណភាពចំណីផ្អាប់សត្វពាហន:ផលិតពីស្មៅផ្អែមសូហ្គាំជាមួយរូបមន្តនិងបច្ចេកទេសវេចខ្ចប់នេះ វាមានគុណភាពនិងលក្ខណ:សម្បតិ្តល្អជាង ប្រភេទស្មៅនានាដែលបាននិងកំពុងដាំដុះ និងផលិតចំណីសត្វពាហនៈទាំងក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ ក្នុងការចិញ្ចឹមសត្វពាហន: ដូចជាគោសាច់/ទឹកដោះ ពពែ សេះ ចៀមជាដើម។ល។
លទ្ធផលនៃក្រុមសិក្សាស្រាវជ្រាវ ដោយធ្វើការប្រៀបធៀបរវាងការចិញ្ជឹមសត្វពាហនៈដោយប្រើប្រាស់ស្មៅផ្អែមសូហ្គាំ និងស្មៅនានា រឺចំបើងធម្មតាឃើញថា បានផ្តល់ទិន្នផលខុសគ្នាយ៉ាងច្រើន ដោយការចិញ្ចឹមជាមួយចំណីស្មៅផ្អែមផ្អាប់ សូហ្គាំ សត្វពាហន:មានការធំធាត់ លឿន និងសុខភាពសត្វរឹងមាំ ព្រមទាំងសាច់/ទឹកដោះគុណភាពល្អ ស្របតាមគុណភាពចំណីអាហារនៅទីផ្សារ ដែលមានស្តង់ដាខ្ពស់។
ផ្អែកលើទិន្នន័យសិក្សាស្រាវជ្រាវដោយក្រុមអ្នកជំនាញបច្ចេកទេសកសិកម្មជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជឿនលឿនមួយចំនួនឃើញថា ផលិតផលចំណីផ្អាប់សត្វពាហន:ផលិតពីស្មៅផ្អែមសូហ្គាំ មានគុណភាព ខ្ពស់ ការវេចខ្ចប់តាមបច្ចេទេសទំនើបប្រកបដោយអនាម័យល្អ ទុកបានយូរ ដោយមិនព្រួយបារម្ភប៉ះពាល់ចំណីសត្វនៅរដូវប្រាំងឬរដូវវស្សា និងតំលៃសមរម្យ។
ដោយមើលឃើញពីសក្កានុពល និងទស្សនៈវិស័យវែងឆ្ងាយក្នុងវិស័យចិញ្ចឹមសត្វពាហន:នៅកម្ពុជានេះ ក្រុមហ៊ុន ហេង អរ ភី អភិវឌ្ឍន៍ អាហរ័ណ នីហរ័ណបាននាំយកប្រភេទស្មៅផ្អែមសូហ្គាំ ដើម្បីដាំដុះនិងផលិតចំណីផ្អាប់ សម្រាប់ចូលរួមជំរុញនិងលើកកម្ពស់ក្នុងវិស័យចិញ្ចឹមសត្វពាហន:នៅកម្ពុជានិងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅប្រទេសជប៉ុន។