(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) នឹងសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីបង្កើនការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម (SME) ដែលគ្មានទ្រព្យបញ្ចាំគ្រប់គ្រាន់។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានឱ្យដឹងថា ធនាគារ SME បាននិងកំពុងរៀបចំកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាដែល SME ពិបាកក្នុងការទទួលបានឥណទានពីធនាគារ ដោយសារគ្មានទ្រព្យធានាគ្រប់គ្រាន់។
លោកបណ្ឌិត លឹម អូនគូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម កង្វល់ និងដោះស្រាយបញ្ហា ដែលសហគ្រាសធុនតូច និងមធ្យមជួបប្រទះក្នុងការធ្វើអាជីវកម្ម។
នៅក្នុងកិច្ចប្រជុំនេះ ក្រុម SME បានលើកឡើងពីផលពិបាក ក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ SME ដោយសារធនាគារទាមទារទ្រព្យបញ្ចាំ និងការសិក្សាពីប្រវត្តិកម្ចីរបស់អតិថិជន (CBC) តឹងរឹង។ ពួកគេបានស្នើសុំឱ្យធនាគារទទួលយកទ្រព្យបញ្ចាំទ្រព្យសកម្ម (Fix Assets) បន្ថែមសម្រាប់ធានាលើទ្រព្យ ឬវិក័យបត្រលក់ដូរ ដែលមានតម្លៃអាចប្រើប្រាស់បាន។ ជាមួយគ្នានេះ ពួកគេក៏ស្នើសុំដកចេញនូវការសិក្សា អំពីប្រវត្តិកម្ចីរបស់អតិថិជន ដោយហេតុថា បច្ចុប្បន្ននេះបញ្ហាខូច CBC កើតឡើងស្ទើរតែគ្រប់អាជីវកម្ម និងស្នើឱ្យមានការសិក្សាលើមុខរបរបច្ចុប្បន្នដោយក្រុមវាយតម្លៃជាក់ស្តែង។
លោកបណ្ឌិត លឹម បានលើកឡើងថា កន្លងមកធនាគារ SME ក៏ធ្លាប់បានសិក្សាក្នុងការទទួលយកទ្រព្យបញ្ចាំទ្រព្យសកម្ម (Fix Assets) ឬវិក័យបត្រលក់ដូរ ដែលមានតម្លៃអាចប្រើប្រាស់បានដែរ ប៉ុន្តែហាក់មានភាពពិបាក។ ហេតុនេះហើយ ទើបធនាគារ SME បង្កើតកិច្ចសហការជាមួយ CGCC។ នៅពេលដែលភាគីទាំងពីរចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយគ្នា នឹងផ្តល់ការគាំទ្រដល់ SME បានច្រើន។
លោកបន្ថែមតាមរយៈការជជែកពិភាក្សាគ្នានាពេលកន្លង បានជជែកគ្នាដល់ដំណាក់កាលចុងក្រោយហើយ ដែលកិច្ចសហការនេះនឹងលេចចេញរូបរាងនៅចុងឆ្នាំនេះ។
ជុំវិញគោលការនៃការផ្តល់ឥណទាន លោកបណ្ឌិត លឹម អូន គូសបញ្ជាក់យ៉ាងដូច្នេះថា « ការអនុវត្តគឺមិនខុសគ្នាទេ រវាងធនាគារមួយទៅធនាគារមួយ ប៉ុន្តែអ្វីដែលធនាគារ SME ផ្តោតសំខាន់ជាងគេនោះគឺប្រភេទអាជីវកម្ម មុខរបរ ព្រោះថាធនាគារ SME បានផ្តោតសំខាន់ទៅលើមុខរបរមួយចំនួនមិនមែន SME ទូទៅទាំងអស់ទេ។ សំខាន់ជាងគេ គឺ SME ស្ថិតក្នុងវិស័យកែច្នៃ និងផលិតកម្មកែច្នៃកសិ-ឧស្សាហកម្ម។
ចំណុចមួយទៀតដែលសំខាន់ គឺគោលបំណងនៃការប្រើប្រាស់ទុនថា តើគាត់ខ្ចីពីធនាគារយើងទៅគាត់ប្រើប្រាស់ក្នុងគោលដៅអី ដើម្បីជៀសវាងថាការប្រើប្រាស់ទុនហ្នឹងខុសគោលដៅ និងខុសពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការប្រើប្រាស់ខុសគោលដៅនេះ វាមិនបានផ្តល់ប្រយោជន៍បែបជាបង្កផលប៉ះពាល់ដល់ពួកគាត់ទៅវិញ ពោលគឺបង្កើតបំណុលបន្ថែម ហើយមិនបានចូលរួមអភិវឌ្ឍន៍អាជីវកម្មរបស់គាត់»។
បើតាមលោក លឹម អូន ក្នុងរយៈពេលបីឆ្នាំ ដែលរាជរដ្ឋាភិបាលបានបង្កើតធនាគារ SME បានផ្តល់កម្ចីដល់សហគ្រាសនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជាង៥០០លានដុល្លារអាមេរិក តាមរយៈយន្តការសំខាន់២ គឺការផ្តល់សហហិរញ្ញប្បទាន និងការផ្តល់ឥណទានដោយផ្ទាល់។ ហើយធនាគាររដ្ឋមួយនេះ នឹងបន្តផ្តល់ឥណទានបន្ថែមទៀតដល់ SME ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់ក្នុងការពង្រីក និងរក្សាលំនឹងអាជីវកម្ម៕