(ភ្នំពេញ)៖ អ្នកជំនួញនៅកម្ពុជាមើលឃើញថា រយៈពេលមួយឆ្នាំនៃការដឹកនាំប្រទេសកម្ពុជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចបានធ្វើសកម្មភាព និងដាក់ចេញនូវវិធានការជាច្រើន ដែលលើកកម្ពស់ដល់ការធ្វើធុរកិច្ច និងធ្វើឱ្យវិនិយោគិនបរទេស មានទំនុកចិត្តកាន់តែខ្លាំង ពោលគឺសកម្មភាព ១ឆ្នាំរបស់សម្តេចបានជួយកៀរគរ អ្នកវិនិយោគយ៉ាងច្រើន ចូលមកប្រទេសកម្ពុជា។
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺខួបមួយឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំឲ្យសម្តេចធិបតី ហ៊ុន ម៉ាណែត។
អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានលើកឡើងថា ក្នុងពេលដែលសម្តេចធិបតី បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣មក បានធ្វើឱ្យប្រទេសនៅលើសាកលលោក មានការចាប់អារម្មណ៍ចំពោះកម្ពុជា ដោយក្នុងមួយឆ្នាំនេះ សម្តេចធិបតីបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសជាច្រើន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ និងដើរទាក់ម៉ូយ ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា។
លោកបានកត់សម្គាល់ថា គ្រប់ដំណើរសម្តេចធិបតីទៅបំពេញបេសកម្ម នៅបណ្តាប្រទេសនានា សម្តេចតែងតែឆ្លៀតពេលជួបជាមួយធុរជនគ្រប់ប្រភេទទាំងអស់ ដើម្បីនិយាយពីឱកាសវិនិយោគនៅកម្ពុជា ប្រាប់ទៅដល់បណ្តាវិនិយោគិនទាំងនោះ។ សកម្មភាពទាំងនោះបានផ្តល់ផ្លែផ្កាច្រើនគួរឱ្យកត់សម្គាល់ ពោលគឺតាមរយៈការទាក់ម៉ូយរបស់សម្តេចធិបតី មានវិនិយោគិនជាច្រើន បានមកបណ្តាក់ទុននៅកម្ពុជា លើគ្រប់វិស័យនៅកម្ពុជា ដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ជាដើម ដោយសារតែពួកគេមានទំនុកចិត្តលើការដឹកនាំរបស់សម្តេច ហើយជឿជាក់ថា កម្ពុជានឹងមានការអភិវឌ្ឍន៍បន្ថែមទៀត។
លោកបន្ថែមថា ជាក់ស្តែងសម្រាប់អាជីវកម្មរបស់លោកផ្ទាល់ ក៏ទទួលបានដៃគូវិនិយោគពីបរទេស តាមរយៈការទាក់ម៉ូយរបស់សម្តេចធិបតីផងដែរ។
លោកបន្តថា «ខ្ញុំសង្កេតឃើញថាមួយឆ្នាំចុងក្រោយនេះ សម្តេចបានធ្វើការកៀរគរអ្នកវិនិយោគយ៉ាងច្រើន តាមរយៈការប្រាស្រ័យទាក់ទងយ៉ាងសាមញ្ញជាមួយ អ្នកវិនិយោគនៅក្រៅស្រុក ពីព្រោះខ្ញុំអ្នកដើរក្រៅស្រុកដើម្បីកៀរគរដែរ ហើយខ្ញុំសង្កេតឃើញថា ភាពសាមញ្ញរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជារបស់យើង ពេលដែលលោកអញ្ជើញទៅដល់ប្រទេសដទៃ ទាំងក្នុងសិក្ខាសាលាក្តី ទាំងនៅក្នុងជំនួបពិភាក្សាកៀរគរក្តី គឺលោករក្សាភាពសាមញ្ញជាមួយអ្នកវិនិយោគ។ ដូច្នេះហើយ អ្នកវិនិយោគជាច្រើនមិនថា នៅប្រទេសសិង្ហបុរី ជប៉ុន កូរ៉េ អាមេរិក និងប្រទេសដទៃផ្សេងទៀតទេ នៅពេលចាប់ផ្តើមបានជួបជាមួយសម្តេច គឺមានទំនុកចិត្ត ហើយជឿជាក់ថាប្រទេសកម្ពុជារបស់យើងនឹងមានភាពល្អប្រសើរឡើង ជាពិសេសជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា នូវស្ថេរភាពនយោបាយ»។
ជាមួយគ្នានេះ លោកលើកឡើងថា ពេញមួយឆ្នាំនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់ការធ្វើអាជីវកម្ម ចាប់ពីខ្នាតតូចដល់ខ្នាតធំ យ៉ាងច្រើន ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្ម ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបបញ្ហា។ ហើយរាជរដ្ឋាភិបាលនឹងនៅតែបន្តលើកទឹកចិត្តបន្ថែមទៀត ដើម្បីជំរុញឱ្យអ្នកវិនិយោគពីក្រៅស្រុកមកកម្ពុជា មានភាពងាយស្រួលក្នុងការជំនួញ។
លោក កាន់ គន្ធី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងដែរថា រាជរដ្ឋាភិបាលថ្មីមានការខិតខំប្រឹងប្រែងខ្លាំង បន្តពីរាជរដ្ឋាភិបាលភិបាលមុន ដែលលទ្ធផលបានបង្ហាញចេញជាបណ្តើរៗហើយ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាព្រែកជីកហ្វូណនជាដើម។ នៅពេលដែលកម្ពុជាបញ្ចប់ការសាងសងព្រែកជីកនេះ នឹងធ្វើឱ្យការធ្វើពាណិជ្ជស្រូវអង្កររបស់កម្ពុជាកាន់តែមានភាពប្រកួតប្រជែង ព្រោះថ្លៃដឹកជញ្ជូនមានតម្លៃទាបសមរម្យ។
លោកបន្ថែមថា «នៅពេលដែលមានព្រែកជីកនេះ ការដឹកជញ្ជូនអង្ករនឹងមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាងទេ យើងអាចដឹកអង្ករទៅកំពង់សោម ទៅកំពតបានច្រើន អាចចាប់ពី៥ពាន់តោនទៅ៦ពាន់តោន ដែលនេះកាន់តែធ្វើឱ្យខ្មែរយើងកាន់តែមានភាពប្រកួតប្រជែង ព្រោះអីនៅប្រទេសយើង ខាងឡូជីស្ទីកហ្នឹងសំខាន់ជាងគេ ដោយកន្លងមកយើងអត់អាចផ្គត់ផ្គង់ទៅប្រទេសហ្វីលីពិន ឥណ្ឌូសេស៊ីរាប់ម៉ឺនតោន បានដោយសារយើងដឹកតាមកុងតឺន័រ»។
សូមជម្រាបថា ក្នុងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង។
ជារួមក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ ដល់ទៅប្រមាណ ៤ ៦៧២លានដុល្លារ ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦៕