(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់ ចំណែកការអនុវត្តកិច្ចការងារនេះ នឹងចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។

យោងតាមសារាចរណែនាំស្តីពី ការរៀបចំឥណទានឡើងវិញ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា
អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តទៅនេះហៅថា (គ្រឹះស្ថាន) រៀបចំឥណទានឡើងវិញជូន
អតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖

* គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបានចំនួន២ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។

* គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច៣ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ។

បន្ទាប់មកគ្រឹះស្ថានអាចស្ដារ ចំណាត់ថ្នាក់ឥណទានល្អ ជាងមុនពីមួយកម្រិតទៅមួយកម្រិតដោយគោរពតាមគោលការណ៍ចំនួនថ្ងៃហួស កាលកំណត់សងនៃ ការទម្លាក់ចំណាត់ថ្នាក់ឥណទាន លើសពីនេះ ការដំឡើងចំណាត់ថ្នាក់ត្រូវគោរព តាមលក្ខខណ្ឌដូចខាងក្រោម៖

ក៖ ចំពោះឥណទានមិនដំណើរការ ដែលមិនធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់ អាចធ្វើពីមួយកម្រិតទៅមួយកម្រិត
រហូតដល់ចំណាត់ថ្នាក់ស្តង់ដា។

ខ៖ ចំពោះឥណទានដំណើរការ ដែលធ្លាប់ត្រូវបានរៀបចំឡើងវិញមួយលើក (លើកលែងឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយក្លាយជាឥណទានមិនដំណើរការ និងបានស្នើសុំការរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិតរ ហូតដល់ចំណាត់ថ្នាក់ «ស្តង់ដា»។

គ៖ ចំពោះឥណទានមិនដំណើរការ ដែលធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់មិនអាចខ្ពស់ជាង «ក្រោមស្តង់ដា» ទេ។ ការដំឡើងចំណាត់ថ្នាក់នេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ឆ្នាំ២០២៤តទៅ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ទន្ទឹមនេះការដំឡើងចំណាត់ថ្នាក់ក៏ត្រូវបានអនុវត្ត ចំពោះឥណទានរៀបចំឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលបានកំណត់ក្នុងសារាចរណែនាំលេខ ធ៧.០២៣.០០១ សារាចរ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។

ក្នុងនោះគ្រឹះស្ថានមិនគួរប្រើប្រាស់ព័ត៌មានឥណទានរៀបចំឡើងវិញ ក្នុងក្រុមហ៊ុន ក្រេឌីត បូរ៉
(ខេមបូឌា) ខូ អិលធីឌី ក្នុងអំឡុងពេលអនុគ្រោះនេះ ជាលក្ខខណ្ឌចម្បងក្នុងការអនុម័តឥណទានទេ។ គ្រឹះស្ថានត្រូវពិនិត្យលក្ខខណ្ឌផ្សេងៗទៀត ដែលមានចែងក្នុងគោលនយោបាយរបស់គ្រឹះស្ថាន ដើម្បីអនុម័តឥណទាន។

គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញជូនអតិថិជន ដោយស្របតាមលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើន ដូចមានរៀបរាប់ខាងក្រោមតែប៉ុណ្ណោះ៖
* ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវទូទាត់សងនៅឥណប្រតិទាន។
* ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
* ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់
* ការពន្យារឥណប្រតិទាន
* ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី
* ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សង តាមការបង់រំលស់ទៅជាការទូទាត់សងតែ
ការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan)
* ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់
នៅឥណប្រតិទាន (Bullet Loan) ទៅជាការទូទាត់សងតាមការបង់រំលស់។

គ្រឹះស្ថានត្រូវពិនិត្យ ពិភាក្សា និងជ្រើសរើសលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើនខាងលើ ដែលសមស្របបំផុត សម្រាប់អតិថិជន ដើម្បីអាចធានាបានថាអតិថិជនអាចបន្តបំពេញកាតព្វកិច្ចទូទាត់សង បានតាមលក្ខខណ្ឌថ្មីនៃកិច្ចសន្យា។

គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនដែលស្ថានភាពអាជីវកម្ម ឬស្ថានភាពហិរញ្ញវត្ថុនៅតែមានចីរភាព ហើយគ្រឹះស្ថានរំពឹងថា អតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុនិងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់
ក្នុងការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។

គ្រឹះស្ថានត្រូវមានតម្លាភាព ក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងត្រូវពន្យល់អតិថិជន ឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌ នៃការរៀបចំឥណទានឡើងវិញ ដើម្បីឱ្យអតិថិជនមានមូលដ្ឋានក្នុងការសម្រេចចិត្ត៕