(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងខ្ពស់ជាងការប៉ាន់ស្មានបឋម នៅក្នុងត្រីមាសទីពីរឆ្នាំនេះ ដោយសារការចំណាយរបស់អតិថិជនខ្លាំងជាង ការរំពឹងទុកដំបូង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
សេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៣ភាគរយក្នុងអំឡុងពេលពីខែមេសា ដល់ខែមិថុនា ធៀបនឹងការព្យាករបឋមដែលមានតែ ២,៨ភាគរយ។
យោងតាមភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា អ្នកវិភាគបានរំពឹងថា តួលេខកំណើននេះនឹងមិនមានការកែប្រែទេ។ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា៖ «ការធ្វើបច្ចុប្បន្នភាពបានបង្ហាញឱ្យឃើញជាចម្បង នូវការកើនឡើងការចំណាយរបស់អ្នកប្រើប្រាស់»។
ការប្រើប្រាស់ដ៏រឹងមាំបានកើតមាន ដោយមិននឹកស្មានដល់ បើទោះបីជាក្នុងគ្រាដែលមានការប្រឈមនឹងអត្រាការប្រាក់ខ្ពស់ក៏ដោយ ដែលបានជួយជំរុញសេដ្ឋកិច្ចអាមេរិកក្នុងរយៈពេលថ្មីៗនេះ។
លោក Ryan Sweet ប្រធានសេដ្ឋវិទូអាមេរិកមកពី Oxford Economics បានប្រាប់ AFP ថា ការកែប្រែផលិតផលក្នុងស្រុកសរុបនេះ មិនធានាថានឹងមានការផ្លាស់ប្តូរការព្យាកររយៈពេលខ្លីទេ។ លោកបានបន្តថា ការរំពឹងទុកគឺថា «សេដ្ឋកិច្ចនឹងឈានទៅរកល្បឿនកំណើន ប្រកបដោយនិរន្តរភាពបន្ថែមទៀតនៅក្នុងឆ្នាំនេះ និងដើមឆ្នាំក្រោយ»។
លោក Sweet បានបន្ថែមថា ការធ្វើបច្ចុប្បន្នភាពកំណើនសេដ្ឋកិច្ចនេះ «នឹងមិនមានផលប៉ះពាល់ទៅនឹងលទ្ធផលនៃកិច្ចប្រជុំនៅខែកញ្ញា របស់ធនាគារកណ្តាលអាមេរិកទេ ខណៈដែលកិច្ចប្រជុំនេះផ្តោតលើទីផ្សារការងារ។ ផលិតផលក្នុងស្រុកសរុបត្រូវបានពិនិត្យមើលរួចទៅហើយ»៕