(សិង្ហបុរី)៖ រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី ដែលទើបតែងតាំងថ្មីលោក Rosan Roeslani បាននិយាយថា វិនិយោគិនបរទេសកាន់តែច្រើន កំពុងបង្ហាញចំណាប់អារម្មណ៍ លើគម្រោងរដ្ឋធានីថ្មី នូសាន់តារា។ នេះបើយោងតាមកាសែត Channel News Asia។
លោក Rosan បានប្រាប់កាសែត Channel News Asia កាលពីថ្ងៃពុធដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសសិង្ហបុរីថា លោកមានទំនុកចិត្តលើការទាក់ទាញការវិនិយោគបន្ថែមទៀត ទៅកាន់រដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ីនេះ បើទោះបីជាអ្នករិះគន់ដាក់ការសង្ស័យលើលទ្ធភាព និងបញ្ហាប្រឈមរបស់គម្រោង ដែលធានាជូនវិនិយោគិនក៏ដោយ។
លោកមានប្រសាសន៍ថា៖ «មានបញ្ហាមួយចំនួនកើតមានឡើង នៅពេលអ្នកចាប់ផ្តើមបង្កើតរដ្ឋធានីថ្មីមួយ ប៉ុន្តែយើងជឿថា បញ្ហាទាំងអស់ត្រូវបានរៀបចំនិងដោះស្រាយ»។ លោកបានបន្ថែមថា៖ «ដំបូងឡើយ វិនិយោគិនក្នុងស្រុកបានគាំទ្រយើងទាក់ទងនឹងការវិនិយោគ។ ប៉ុន្តែឥឡូវនេះ វិនិយោគិនបរទេសបានចាប់ផ្តើមសម្លឹងមើល»។
ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក លោក Rosan បានជួបជាមួយមេដឹកនាំ និងមន្ត្រីរដ្ឋាភិបាលសិង្ហបុរីជាច្រើន រួមទាំងលោកនាយករដ្ឋមន្ត្រី Lawrence Wong ផងដែរ។ ការពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការនានា រួមទាំងថាមពលកកើតឡើងវិញ និងការចាប់យកកាបូនផងដែរ៕