(បាងកក)៖ ការិយាល័យគោលនយោបាយនិងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) នៃប្រទេសថៃបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងឱនភាពពាណិជ្ជកម្មរវាងប្រទេសថៃនិងចិន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំ២០២៤ ការនាំចូលទំនិញពីប្រទេសចិនបានកើនឡើង ៧,១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹង ៣៧,៦ពាន់លានដុល្លារអាមេរិក។ ការណ៍នេះបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនចំនួន ២០ពាន់លានដុល្លារ កើនឡើង ១៥,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំនិញនាំចូលច្រើនជាងគេទាំងបីពីប្រទេសចិនគឺទូរស័ព្ទទំនើប កុំព្យូទ័រនិងគ្រឿងបន្លាស់កុំព្យូទ័រ និងផលិតផលដែកថែបនិងដែកសន្លឹករមូរ។

លោក Poonpong Naiyanapakorn ប្រធានការិយាល័យ TPSO បាននិយាយថា៖ «មូលហេតុដែលប្រទេសថៃ និងប្រទេសផ្សេងៗជុំវិញពិភពលោកមានឱនភាពពាណិជ្ជកម្មជាមួយចិនគឺថា ប្រទេសចិនអាចផលិតផលិតផលក្នុងតម្លៃទាបជាងប្រទេសដទៃដោយសារតម្លៃពលកម្មទាប ភាពអាចរកបាននៃអ្នកផ្គត់ផ្គង់ អត្រាប្តូរប្រាក់ថេរដែលគ្រប់គ្រងដោយរដ្ឋាភិបាលដែលជួយកំណត់តម្លៃនាំចេញ និងការឧបត្ថម្ភធនពីរដ្ឋាភិបាលចិនដែលកាត់បន្ថយថ្លៃដើមជាមធ្យម»

យោងតាមកាសែតបាងកកប៉ុស្តិ៍ នៅឆ្នាំ២០២៣ ផលិតផលធំៗទាំង១០ របស់ចិនដែលប្រទេសថៃបានកត់ត្រាឱនភាពពាណិជ្ជកម្មជាមួយរួមមានគឺ ទូរស័ព្ទទំនើប (៣,៣១ពាន់លានដុល្លារ) កុំព្យូទ័រនិងគ្រឿងបន្លាស់ (២,៨១ពាន់លានដុល្លារ) ដែករមូរ (២,៥៦ពាន់លានដុល្លារ) រថយន្តអគ្គិសនី (២,៥៤ពាន់លានដុល្លារ) ម៉ាស៊ីននិងសមាសធាតុមេកានិច (១,៨៨ពាន់លានដុល្លារ) ផលិតផលដែកនិងដែក (១,៨៥ពាន់លានដុល្លារ) ផលិតផលគីមី (១,៧៧ពាន់លានដុល្លារ) ឧបករណ៍អគ្គិសនីនិងគ្រឿងបន្លាស់ (១,៤៦ពាន់លានដុល្លារ) ផលិតផលប្លាស្ទិក (១,២៥ពាន់លានដុល្លារ) និងសៀគ្វីអគ្គិសនី (១,១៧ពាន់លានដុល្លារ)។

លោក Poonpong បានបន្ថែមថា៖ «នៅឆ្នាំ២០២៤ ឱនភាពពាណិជ្ជកម្មថៃជាមួយប្រទេសចិនបានបន្តកើតមាននៅក្នុងប្រភេទផលិតផលសំខាន់ៗចំនួន៣ រួមមានទូរស័ព្ទទំនើប បន្ទាប់មកគឺកុំព្យូទ័រនិងគ្រឿងបន្លាស់ និងផលិតផលដែក»