(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធតូចទាំងអស់ ដែលមានកាតព្វកិច្ចបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំ សូមប្រើប្រាស់នូវកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូចតាមទូរស័ព្ទដៃ «GDT Tax Prefiling App» ឥឡូវនេះ ដើម្បីងាយស្រួលបង់ពន្ធដោយខ្លួនឯង មិនចាំបាច់ទៅរកភ្នាក់ងារសេវាពន្ធដារ ជួយបង់ជំនួសឡើយ។

ការអំពាវនាវរបស់អគ្គនាយកពន្ធដារ បន្ទាប់ពីសង្កេតឃើញថា ចំនួនសហគ្រាសជាប់ពន្ធតូចមួយចំនួនតូច បានប្រើប្រាស់ GDT Tax Prefiling App សម្រាប់បង់ពន្ធប្រចាំខែ ខណៈអគ្គនាយកដ្ឋានពន្ធដារ ខិតខំបង្កើតកម្មវិធីនេះឡើង ដោយផ្តល់ភាពងាយស្រួល ដល់អ្នកបង់ពន្ធ អាចបង់ពន្ធដោយខ្លួន គ្រាន់តែវាយបញ្ចូលរបាយការណ៍ទិញលក់ តាមរយៈទូរស័ព្ទដៃស្មាតហ្វូន។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក គង់ វិបុល បានបញ្ជាក់ដូច្នេះថា «យើង [អគ្គនាយកដ្ឋានពន្ធដារ] បានអភិវឌ្ឍន៍កម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូចតាមទូរស័ព្ទដៃ GDT Tax Prefiling App និងដាក់ឱ្យប្រើប្រាស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ ប៉ុន្តែសង្កេតឃើញថាអ្នកជាប់ពន្ធតូចមួយចំនួន មិនទាន់ប្រើប្រាស់ ដូច្នេះខ្ញុំអំពាវនាវដល់អ្នកជាប់ពន្ធតូចទាំងអស់ សូមប្រើប្រាស់កម្មវិធីបង់ពន្ធតាមទូរស័ព្ទដៃនេះ យ៉ាងងាយស្រួល ដោយគ្រាន់តែវាយបញ្ចូលរបាយការណ៍ទិញលក់នោះ កម្មវិធីនឹងគណនាប្រាក់ពន្ធ ហើយអាចបង់ពន្ធភ្លាមៗ លើទូរស័ព្ទដៃផ្ទាល់តែម្តង ដោយមិនចាំបាច់ត្រូវការ ចំណាយលើភ្នាក់ងារសេវាពន្ធដារនោះឡើយ»

អ្នកជាប់ពន្ធអាចទាញយកកម្មវិធី GDT Tax Prefiling App ឥឡូវនេះ
- for Android: shorturl.at/oqRSW
- for iOS: shorturl.at/epsD5

សូមទស្សនាវីដេអូណែនាំអំពីការប្រើប្រាស់កម្មវិធី GDT Tax Prefiling App ដូចខាងក្រោម៖