(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ អង្កររបស់កម្ពុជាពង្រីកបានទីផ្សារថ្មីៗទៅកាន់តំបន់ ដែនកោះ និងប្រទេសចំនួន៩ ថែមទៀត ដែលប្រទេសទាំងនោះ ភាគីច្រើនទិញប្រភេទអង្ករក្រអូប។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា ចាន់ សុឃាំង បានឲ្យដឹងថា គិតត្រឹមខែមករារហូតដល់ខែសីហា ឆ្នាំ២០២៤ កម្ពុជាបានពង្រីកការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារថ្មីៗរួមមាន៖
ទី១៖ ប្រទេសជប៉ុន បាននាំចេញអង្ករចំនួន ១៤០តោន
ទី២៖ ប្រទេស Latvia បាននាំចេញអង្ករចំនួន ៣៥០តោន
ទី៣៖ ប្រទេស Lebanon បាននាំចេញអង្ករចំនួន ២២តោន
ទី៤៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បាននាំចេញអង្ករចំនួន ៣១៩តោន
ទី៥៖ ប្រទេស Africa បាននាំចេញអង្ករចំនួន ៥២តោន
ទី៦៖ ប្រទេស Comoros បាននាំចេញអង្ករចំនួន ២៥តោន
ទី៧៖ ម៉ាកាវ បាននាំចេញអង្ករចំនួន ៨៥តោន
ទី៨៖ ដែនកោះ New Celedonia ចំនួន ២ ១៣៥តោន
ទី៩៖ ដែនកោះ Martinique ចំនួន ៦៤តោន។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ទំហំនៃការនាំចេញអង្ករទៅកាន់ទីផ្សារថ្មីនេះ នៅមានចំនួនតិចនៅឡើយ ដោយគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ លោកសង្ឃឹមថា ទីផ្សារទាំងអស់នេះ នឹងបន្តនាំចូលអង្ករបន្ថែមទៀតពីប្រទេសកម្ពុជា ដោយសារតែកម្ពុជាមានអង្ករ ដែលមានគុណភាពល្អ។
សូមជម្រាបថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។ តាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន។
ចំពោះប្រភេទអង្ករបាននាំចេញ ក្នុងនោះអង្ករក្រអូបមានចំនួន ៧០.៥២% ប្រភេទអង្ករសធម្មតា ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.២៨%៕