(ក្រុងឡុងដ៍)៖ អង្គការ OPEC+ កំពុងពិភាក្សាអំពីការពន្យារពេលដំឡើងទិន្នផលដែលបានគ្រោងទុកនៅខែក្រោយ ដោយសារតម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៩ខែ នេះបើយោងតាមប្រភពចំនួនបីមកពីក្រុមប្រេងផលិតប្រេងទាំងនេះដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃពុធ។
ប្រភពមួយក្នុងចំណោមនោះបាននិយាយថា កាលពីសប្តាហ៍មុន អង្គការ OPEC+ គ្រោងនឹងដំណើរការដំឡើងផលិតកម្មប្រេងចំនួន ១៨០ ០០០បារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងខែតុលាខាងមុខ ប៉ុន្តែការប្រែប្រួលទីផ្សារដោយសារការបិទរោងចក្រប្រេងក្នុងប្រទេសលីប៊ី និងចក្ខុវិស័យតម្រូវការប្រេងទាបបានបង្កើនការព្រួយបារម្ភក្នុងចំណោមក្រុមប្រទេសផលិតប្រេងទាំងនេះ។
ប្រភពដដែលបានឱ្យដឹងថា៖ «មានការផ្ដល់យោបល់ឱ្យពន្យារការដំឡើងទិន្នផល»។ ប្រភពមួយទៀតបានឱ្យដឹងថា ការពន្យារពេលទំនងជាមានលទ្ធភាពខ្ពស់នៅដំណាក់កាលនេះ។
ប្រទេសជាសមាជិករបស់អង្គការ OPEC + ចំនួន៨ ប្រទេសសគ្រោងនឹងបង្កើនទិន្នផលចំនួន ១៨០ ០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែតុលា ដែលជាផ្នែកមួយនៃផែនការចាប់ផ្តើមដំឡើងទិន្នផលឡើងវិញសន្សឹមរហូតដល់ ២,២លានបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលរក្សាការកាត់បន្ថយផ្សេងទៀតរហូតដល់ដំណាច់ឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕