(ភ្នំពេញ)៖ កម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App) ដែលត្រូវបានបង្កើតឡើង ដោយអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងផ្តល់នូវភាពងាយស្រួល ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធលើការប្រកាសពន្ធអាជីវកម្មប្រចាំខែ និងប្រចាំឆ្នាំសម្រាប់សហគ្រាសជាអ្នកជាប់ពន្ធតូច។
សហគ្រាសជាអ្នកជាប់ពន្ធតូច គ្រាន់តែបញ្ចូលប្រតិបត្តិការទិញ-លក់ និងព័ត៌មានសំខាន់ៗមួយចំនួនទៀត ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងកម្មវិធី GDT Tax Prefiling App នោះ កម្មវិធីនឹងគណនាពន្ធអាករ ដែលត្រូវបង់បានដោយស្វ័យប្រវត្តិ។
ដើម្បីទាញយកអត្ថប្រយោជន៍ ពីការប្រើប្រាស់កម្មវិធី GDT Tax Prefiling App អ្នកជាប់ពន្ធតូចអាចឈ្វេងយល់ពីមុខងារស្នូលទាំង៧ដូចខាងក្រោម៖
១៖ គ្រប់គ្រងការទិញ៖ លោកអ្នកអាចបញ្ចូលព័ត៌មានក្នុងវិក្កយបត្រទិញទំនិញឬសេវានោះកម្មវិធីនឹងរក្សាទុកនិងបង្កើតបញ្ជីទិញដោយស្វ័យប្រវត្តិ ហើយលោកអ្នកក៏អាចធ្វើការកែប្រែ ឬលុបប្រតិបត្តិការទិញដែលបានបញ្ចូលរួច (មិនទាន់បង់ពន្ធ) ផងដែរ។
២៖ គ្រប់គ្រងការលក់ លោកអ្នកអាចបញ្ចូលប្រតិបត្តិការលក់ទំនិញឬសេវាម្តងមួយវិក្កយបត្រឬច្រើន ដោយគ្រាន់តែបញ្ចូលលេខរៀងវិក្កយបត្រចាប់ផ្តើម និងបញ្ចប់ នោះកម្មវិធីនឹងរក្សាទុកនិងបង្កើតបញ្ជីលក់ដោយស្វ័យប្រវត្តិ ហើយលោកអ្នក
ក៏អាចធ្វើការកែប្រែ ឬលុបប្រតិបត្តិការលក់ដែលបានបញ្ចូលរួច (មិនទាន់បង់ពន្ធ) ផងដែរ។
៣៖ ប្រកាសពន្ធប្រចាំខែ៖ បន្ទាប់ពីបានបញ្ចូលនូវប្រតិបត្តិការទិញ-លក់រួចរាល់ កម្មវិធីនឹងគណនាដោយស្វ័យប្រវត្តិលើប្រភេទពន្ធអាករតែពីរប៉ុណ្ណោះគឺ អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ក្នុងករណីប្រតិបត្តិការអាជីវកម្មរបស់លោកអ្នកមានប្រភេទពន្ធអាករដទៃទៀត លោកអ្នកអាចជ្រើសរើសប្រភេទពន្ធអាករ និងបញ្ចូលប្រាក់ពន្ធអាករដែលត្រូវបង់។
៤៖ ប្រកាសពន្ធប្រចាំឆ្នាំ៖ ក្នុងមុខងារនេះ លោកអ្នកត្រូវបំពេញព័ត៌មានតាមលំដាប់លំដោយរួមមាន ការប្រកាសពន្ធ ព័ត៌មានសហគ្រាសគណនាពន្ធលើប្រាក់ចំណូលនៃសមាជិករបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ព័ត៌មាននិយោជិតសហគ្រាសក្នុង
ការិយបរិច្ឆេទ បញ្ជីស្តុកទំនិញ តារាងគណនារំលស់តាមច្បាប់ស្តីពីសារពើពន្ធ និងរបាយការណ៍លទ្ធផល និងការគណនាពន្ធលើប្រាក់ចំណូល។
៥៖ ប្រវត្តិបង់ប្រាក់ពន្ធ៖ លោកអ្នកអាចពិនិត្យមើលប្រវត្តិនៃការបង់ពន្ធ ដោយគ្រាន់តែជ្រើសរើសការិយបរិច្ឆេទដែលលោកអ្នកត្រូវការ។
៦៖ ព័ត៌មានចុះបញ្ជី៖ លោកអ្នកអាចពិនិត្យមើលព័ត៌មានសហគ្រាសដែលលោកអ្នកបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ។
៧៖ ការជូនដំណឹងផ្សេងៗ៖ កម្មវិធីនឹងជូនដំណឹងដល់លោកអ្នកពីស្ថានភាពនៃការប្រកាសនិងបង់ប្រាក់ពន្ធ ព្រមទាំងព័ត៌មានផ្សេងទៀត។
សូមជម្រាបថា នាពេលថ្មីៗនេះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវដល់អ្នកជាប់ពន្ធតូចទាំងអស់ ដែលមានកាតព្វកិច្ចបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំ សូមប្រើប្រាស់នូវកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូចតាមទូរស័ព្ទដៃ «GDT Tax Prefiling App» ឥឡូវនេះ ដើម្បីងាយស្រួលបង់ពន្ធដោយខ្លួនឯង មិនចាំបាច់ទៅរកភ្នាក់ងារសេវាពន្ធដារ ជួយបង់ជំនួសឡើយ។
ការអំពាវនាវរបស់អគ្គនាយកពន្ធដារ បន្ទាប់ពីសង្កេតឃើញថា ចំនួនសហគ្រាសជាប់ពន្ធតូចមួយចំនួនតូច បានប្រើប្រាស់ GDT Tax Prefiling App សម្រាប់បង់ពន្ធប្រចាំខែ ខណៈអគ្គនាយកដ្ឋានពន្ធដារ ខិតខំបង្កើតកម្មវិធីនេះឡើង ដោយផ្តល់ភាពងាយស្រួល ដល់អ្នកបង់ពន្ធ អាចបង់ពន្ធដោយខ្លួនឯង គ្រាន់តែវាយបញ្ចូលរបាយការណ៍ទិញលក់ តាមរយៈទូរស័ព្ទដៃស្មាតហ្វូន។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក គង់ វិបុល បានបញ្ជាក់ដូច្នេះថា «យើង [អគ្គនាយកដ្ឋានពន្ធដារ] បានអភិវឌ្ឍន៍កម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូចតាមទូរស័ព្ទដៃ GDT Tax Prefiling App និងដាក់ឱ្យប្រើប្រាស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ ប៉ុន្តែសង្កេតឃើញថាអ្នកជាប់ពន្ធតូចមួយចំនួន មិនទាន់ប្រើប្រាស់ ដូច្នេះខ្ញុំអំពាវនាវដល់អ្នកជាប់ពន្ធតូចទាំងអស់ សូមប្រើប្រាស់កម្មវិធីបង់ពន្ធតាមទូរស័ព្ទដៃនេះ យ៉ាងងាយស្រួល ដោយគ្រាន់តែវាយបញ្ចូលរបាយការណ៍ទិញលក់នោះ កម្មវិធីនឹងគណនាប្រាក់ពន្ធ ហើយអាចបង់ពន្ធភ្លាមៗ លើទូរស័ព្ទដៃផ្ទាល់តែម្តង ដោយមិនចាំបាច់ត្រូវការ ចំណាយលើភ្នាក់ងារសេវាពន្ធដារនោះឡើយ»។
អ្នកជាប់ពន្ធអាចទាញយកកម្មវិធី GDT Tax Prefiling App ឥឡូវនេះ
- for Android: shorturl.at/oqRSW
- for iOS: shorturl.at/epsD5