​(ភ្នំពេញ)៖ លោក ហុង សុហួរប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងថា នៅរយៈពេល ៤ខែចុងក្រោយនេះ ទំហំនៃការជួញភាគហ៊ុន នៅក្នុងទីផ្សារមូលបត្រ បានចាប់ផ្តើមកើនឡើងបន្តិចវិញ ក្នុងរង្វង់ជាមធ្យម ១៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ បន្ទាប់ពីធ្លាក់យ៉ាងខ្លាំងកាលពីដើមឆ្នាំ រហូតដល់ក្រោម ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

លោក ហុង សុហួរ គូសបញ្ជាក់បែបនេះធ្វើឡើង នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ​ដែលបានប្រារព្ធឡើងនៅការិយាល័យកណ្តាលធនាគារ អេស៊ីលីដា ក្រោមប្រធានបទស្តីពី វឌ្ឍនភាពរបស់ ធនាគារ អេស៊ីលីដា ​នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

លោកបានឱ្យដឹងថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤នេះ ទំហំជួញដូរប្រចាំថ្ងៃបានធ្លាក់ចុះដល់ក្រោម ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ខណៈ ៤ខែចុងក្រោយនេះ ចាប់ពីខែឧសភាដល់ខែសីហា ទំហំជួញដូរប្រចាំថ្ងៃបានកើនឡើងដល់ប្រមាណ ១៥ម៉ឺនទៅ ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃវិញ។

លោកបានឱ្យដឹងថា ការកើនឡើងវិញបន្តិចនេះ ដោយសាររយៈពេល​ចុងក្រោយនេះ សាធារណជនមើលឃើញថា ទីផ្សារមូលបត្រកម្ពុជានៅតែរឹងមាំ ​ខណៈក្រុមហ៊ុនដែលចុះបញ្ជី​ និងការជួញដូរនៅក្នុងទីផ្សារ គឺនៅតែមានដំណើរការល្អ ​និងគ្មានការ​បោកប្រាស់ផ្សេងៗ។ លោករំពឹងថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ នឹងមានការកើនឡើង កាន់តែប្រសើរថែមទៀត។

លោក ហុង សុហួរ បានលើកឡើងជារួមថា ក្នុងរយៈពេល ៨ខែឆ្នាំ២០២៤នេះ ទំហំជួញប្រចាំថ្ងៃបានថយចុះ​ប្រមាណ ៥០% បើធៀបនឹងកាលពីឆ្នាំមុន ដោយការជួញដូរស្ថិតនៅក្រោម ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ​ខណៈកាលពីឆ្នាំមុនទំហំជួញជាមធ្យមប្រមាណ ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

លោកបានពន្យល់ថា «មានកត្តាជាច្រើនដែលបានជះឥទ្ធិពល ដល់ការជួញដូរភាគហ៊ុននៅកម្ពុជា ដូចជាការធ្លាក់ចុះនូវសេដ្ឋកិច្ចសាកល កត្តាសង្រ្គាមនៅអ៊ុយក្រែន សង្រ្គាមនៅមជ្ឈឹមបូព៌ា ហើយក៏ដូចជា មានរឿងមួយចំនួននៅកម្ពុជា ដែលមានការចោទប្រកាន់ និងមានការស្រាវជ្រាវរកឃើញនូវការបោកប្រាស់មួយចំនួន ដែលទាំងអស់នោះបានបង្កជាវិបត្តិ និងបានធ្វើឱ្យទំនុកចិត្តរបស់វិស័យឯកជន និងសាធារណជនធ្លាក់ ចុះនូវការវិនិយោគ»

ជាមួយគ្នាលោក​រំពឹងថា បន្ទាប់ពីធនាគារកណ្តាលអាមេរិកចាប់ផ្តើម ទម្លាក់អត្រាការប្រាក់ នឹងធ្វើឱ្យវិស័យមូលបត្រ នៅបណ្តាប្រទេសផ្សេងៗ ចាប់ផ្តើមកម្រើកឡើងវិញ ​ដែលនឹងជះឥទ្ធិពលដល់កម្ពុជា ​ដោយសារតែកន្លងមក បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ បានធ្វើឱ្យវិនិយោគិនមួយចំនួន ដកប្រាក់ពីទីផ្សារមូលបត្រ យកទៅវិនិយោគលើទ្រព្យបំណុល របស់សហរដ្ឋអាមេរិកដែលបានឡើងអត្រាការប្រាក់ពី​ក្រោម ១%ទៅដល់៥%។ ជាមួយគ្នានេះ ថយចុះនៃអត្រាការប្រាក់នេះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច​កើនឡើង ដែលធ្វើឱ្យអាជីវកម្មដំណើរការល្អជាងមុន។

​សូមជម្រាបថា ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី និងប្រមូលទុនពីសាធារណជន តាមរយៈផ្សារមូលបត្រកម្ពុជា មានចំនួន២៣ ដែលក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង១២ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម៕