(ភ្នំពេញ)៖ អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ក្រុមហ៊ុនតូចៗ ឬក្រុមហ៊ុនដែលទើបចាប់ផ្តើមអាជីវកម្មថ្មោងថ្មី តែងតែប្រឈមនឹងការដួលរលំទៅវិញ នៅពេលបណ្តាក្រុមហ៊ុនទាំងនោះ ចាប់ផ្តើមប្រែខ្លួនទៅជាក្រុមហ៊ុនមធ្យម ឬធំ ដែលមានស្តង់ដារ ដោយសារតែពួកគេមិនមានចំណេះដឹងទាក់ទងនឹងច្បាប់ធ្វើអាជីវកម្ម ឬពន្ធដារ។
អ្នកឧកញ៉ា សំ សុខនឿន លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការដឹកនាំអាជីវកម្មឱ្យមាននិរន្តភាព របស់អ្នកឧកញ៉ា សំ សុខនឿន»។
លោកបានមានប្រសាសន៍ថា នៅកម្ពុជាមានក្រុមហ៊ុនតូចៗជាច្រើន ដែលកំពុងតែដំណើរអាជីវកម្ម ក្នុងលក្ខណៈគ្រួសារ ឬលក្ខណៈតូចតាច ហើយក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួនបានពង្រីកខ្លួន ពីក្រុមហ៊ុនតូចទៅជាក្រុមហ៊ុនធំ។ នៅពេលដែលក្រុមហ៊ុនទាំងនោះ ពង្រីកអាជីវកម្មខ្លួនឱ្យធំ និងមានស្តង់ដារ គឺត្រូវតែដើរទៅតាមច្បាប់របស់កម្ពុជាឱ្យបានត្រឹមត្រូវ ពោលគឺត្រូវតែយល់ដឹងពន្ធដារ និងបង់ពន្ធទៅតាមច្បាប់។
លោកបន្តថា «ដូចដែលយើងដឹងហើយថា ការរកស៊ីត្រូវបង់ពន្ធដែលជាកាតព្វកិច្ចរបស់ក្រុមហ៊ុន។ ហេតុនេះហើយម្ចាស់អាជីវកម្មមួយចំនួន នៅពេលដែលគាត់បើកអាជីវកម្មជាលក្ខណៈគ្រួសារសាមញ្ញ ឬអាជីវកម្មតូច ជួនកាលគាត់មិនទាន់បានត្រៀមខ្លួន ដើម្បីបង់ពន្ធទៅរដ្ឋត្រឹមត្រូវទេ ដោយសារតែគាត់គ្មានចំណេះដឹងខាងបង់ពន្ធ និងគ្មានចំណេះដឹងខាងគ្រប់គ្រងហិរញ្ញវត្ថុ។ នៅពេល ដែលគាត់ចាប់ផ្តើមធ្វើអាជីវកម្មធំ គាត់ត្រូវតែជាប់ពន្ធ អាចជាពន្ធធំ ឬពន្ធមធ្យម ហេតុនេះការបង់ពន្ធត្រូវធ្វើឡើងគ្រប់សេវាកម្ម គ្រប់ផលិតផលទាំងអស់»។
លោកបានពន្យល់ថា សម្រាប់អាជីវកម្មតូចៗមួយចំនួន រាល់ការផ្តល់សេវាកម្មទៅកាន់អតិថិជន គឺមិនតម្រូវឱ្យបង់ពន្ធនោះទេ ដែលធ្វើឱ្យគាត់ទទួលបានប្រាក់ចំណេញ ប៉ុន្តែនៅពេលដែលមានការពង្រីកខ្លួន ជាក្រុមហ៊ុនធំ គឺត្រូវតែបង់ពន្ធ នៅពេលដែលចាប់ផ្តើមបង់ពន្ធ នឹងធ្វើឱ្យពួកគេលែងទទួលបានផលចំណេញ។ កត្តានេះហើយ នៅពេលដែលគាត់ពង្រីកខ្លួនឱ្យក្លាយជាក្រុមហ៊ុន ដែលមានស្តង់ដារ និងចាប់ផ្តើមបង់ពន្ធតាមច្បាប់ពន្ធដារ បានធ្វើឱ្យរងផលប៉ះពាល់ដល់ការចំណាយ។ ហេតុនេះហើយ ទើបយើងសង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួនបានបិទទ្វារ។
ជាមួយគ្នានេះ លោកបានផ្តល់គំនិតដល់ក្រុមហ៊ុន ដែលទើបចាប់ផ្តើមអាជីវកម្មថា ដើម្បីជំរុញឱ្យការចាប់ផ្តើមអាជីវកម្មមួយមានភាពរឹងមាំ និងដំណើរការដោយរលូន ម្ចាស់អាជីវកម្មត្រូវតែមានជំនាញទៅលើការធ្វើអាជីវកម្ម និងទី២. ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន ត្រូវតែហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងអាជីវកម្មរយៈពេលវែង៕
សូមទស្សនាការពន្យល់បន្ថែម របស់អ្នកឧកញ៉ា សំ សុខនឿន៖