(ភ្នំពេញ)៖ អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងពីកត្តាចំនួន ២ចំណុច ដែលជំរុញឲ្យអាជីវកម្មមាននិរន្តភាព គឺតម្រូវឲ្យម្ចាស់អាជីវកម្ម ត្រូវចេះជំនាញលើអាជីវកម្មរបស់ខ្លួន និងមានហិរញ្ញវត្ថុគ្រប់គ្រាន់ ខណៈវិបត្តិសេដ្ឋកិច្ច រយៈពេល៣ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យអាជីវកម្មជាច្រើនត្រូវបិទទ្វារ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា សំ សុខនឿន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការដឹកនាំអាជីវកម្មមានឲ្យនិរន្តភាព របស់អ្នកឧកញ៉ា សំ សុខនឿន» ក្នុងកម្មវិធី FRESH BUSINESS។
អ្នកឧកញ៉ា សំ សុនឿន បានឲ្យដឹងថា ការបើកអាជីវកម្មមួយ ដើម្បីឲ្យមាននិរន្ដភាព ម្ចាស់អាជីវកម្ម ចាំបាច់ត្រូវមានជំនាញលើអាជីវកម្មនោះ គឺមិនមែនពឹងផ្អែកតែលើអ្នកគ្រប់គ្រង, មិនមែនពឹងផ្អែកលើលុយសុទ្ធ ដើម្បីចាប់ផ្ដើមអាជីវកម្មនោះទេ។
អ្នកឧកញ៉ាបានលើកឡើងថា បើសម្លឹងមើលទៅដើមឆ្នាំ២០១៩ មានអាជីវកម្មជាច្រើន បានផ្ដើមថ្មីៗ ប៉ុន្ដែស្របពេលជាមួយគ្នានោះ គិតមកដល់ពេលបច្ចុប្បន្ន ក៏មានអាជីវកម្មមួយចំនួន ក៏បានបិទទ្វារវិញច្រើនផងដែរ ដោយសារតែវិបត្ដិសេដ្ឋកិច្ច។
អ្នកឧកញ៉ា សំ សុនឿន បានឲ្យដឹងទៀតថា ក្រុមហ៊ុនដែលបិទទ្វារភាគច្រើន ជាក្រុមហ៊ុនខ្នាតមធ្យម ឬក៏ខ្នាតតូច ដោយសារពួកគាត់ អត់មានហិរញ្ញវត្ថុគ្រប់គ្រាន់ ដោយគាត់ប្រើប្រាស់ហិរញ្ញវត្ថុតិចតូច ដើម្បីចាប់ផ្ដើមអាជីវកម្ម៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា សំ សុនឿន៖