(ញ៉ូវដេលី)៖ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញ Amazon Inc រំពឹងថា នឹងជួយអ្នកនាំចេញមានមូលដ្ឋាននៅប្រទេសឥណ្ឌា លក់ទំនិញខ្នាតតូច បានប្រមាណ៥ពាន់លានដុល្លារអាម៉េរិក តាមរយៈកម្មវិធី (Platform) របស់ខ្លួន ក្នុងឆ្នាំ២០២៤នេះ ក្នុងទីផ្សារជាច្រើន ដូចជាសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសជាដើម ដែលកើនឡើងពីជិត៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

ស្ថិតក្រោមកម្មវិធី Amazon Global Selling ដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៥, អ្នកនាំចេញខ្នាតតូចជិត១៥០,០០០នាក់ នៅទូទាំងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងលក់ផលិតផលរបស់ពួកគេ ដោយផ្ទាល់ទៅកាន់អតិថិជននៅក្រៅប្រទេស តាមរយៈការប្រើប្រាស់កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិចរបស់ក្រុមហ៊ុន។

«យើងកំពុងវិនិយោគយ៉ាងខ្លាំង នៅក្នុងឧបករណ៍ និងបច្ចេកវិទ្យា ដើម្បីជួយអ្នកលក់បង្កើនប្រសិទ្ធភាព និងលទ្ធភាពរបស់ពួកគេ, បង្កើនការរកឃើញផលិតផល និងបង្កើនការលក់», នេះបើតាមសម្តីលោក Bhupen Wakankar នាយកផ្នែកពាណិជ្ជកម្មសកលរបស់ក្រុមហ៊ុន Amazon បានប្រាប់ Reuters ក្នុងកិច្ចសម្ភាសន៍មួយ នៅថ្ងៃព្រហស្បតិ៍ មុនពេលមានកិច្ចប្រជុំអ្នកនាំចេញមួយ នៅទីក្រុង New Delhi។

កាលពីខែមិថុនា ឆ្នាំមុន, Amazon បានប្រកាសពីគម្រោងបង្កើនការវិនិយោគរបស់ខ្លួន ក្នុងប្រទេសឥណ្ឌា ដល់២៦ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ ក្នុងនោះរួមទាំងមូលនិធិសម្រាប់អាជីវកម្មពពក (Cloud) របស់ខ្លួនផងដែរ។

​លោក Wakankar បានបន្ថែមថា ក្រុមហ៊ុនមានបំណងជួយសម្រួល ដល់ការនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច ចំនួន២០ពាន់លានដុល្លារ ពីប្រទេសឥណ្ឌា នៅឆ្នាំ២០២៥៕