(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦.៧% ខណៈការនាំចូលមានជិត ១៩ពាន់លានដុល្លារ កើនឡើង១៦.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។
ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕