(ហាណូយ)៖ ក្រុមហ៊ុនធានារ៉ាប់រងនៅប្រទេសវៀតណាមបានទទួលសំណើទាមទារសំណងដែលមានទឹកប្រាក់យ៉ាងហោចណាស់ ២,៧៦ពាន់ពាន់លានដុង (១១២លានដុល្លារ) បន្ទាប់ពីគ្រោះមហន្តរាយព្យុះយ៉ាហ្គី។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។

កាសែត VnExpress បានរាយការណ៍ថា ក្រុមហ៊ុនធានារ៉ាប់រង PVI Insurance Corp ដែលជាក្រុមហ៊ុនឈាមមុខគេក្នុងទីផ្សារធានារ៉ាប់រងមិនមែនអាយុជីវិតបានទទួលសំណើទាមទារសំណងជាង ៥០០សំណើដែលមានតម្លៃ ២ពាន់ពាន់លានដុង (ប្រហែល ៨១,៣៣លានដុល្លារ) សម្រាប់ទ្រព្យសម្បត្តិដែលរងការខូចខាតដោយព្យុះយ៉ាហ្គី។ តួលេខនេះមិនរាប់បញ្ចូលសំណើទូទាត់ប្រាក់សម្រាប់មនុស្ស និងយានជំនិះដែលរងគ្រោះដោយខ្យល់ព្យុះទេ។

ក្រុមហ៊ុន PVI បានឱ្យដឹងថា៖ «នេះអាចជាទឹកប្រាក់សំណងសងការខូចខាតជាប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុន PVI និងក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនបានបន្ថែមថា វានឹងធានាបាននូវអត្ថប្រយោជន៍អតិបរមាសម្រាប់អតិថិជនរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លីបំផុត។

ក្រុមហ៊ុនធានារ៉ាប់រង Military Insurance Corp ទទួលបានសំណើទាមទារសំណងចំនួន ៩០០សំណើដែលមានតម្លៃ ២៣០ពាន់លានដុង (ប្រហែល ៩,៣៥លានដុល្លារ) សម្រាប់ការខូចខាតលើទ្រព្យសម្បត្តិ និងយានយន្ត ខណៈដែលអតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រង BIDV បានធ្វើសំណើទាមទារសំណើចំនួន ៥០០សំណើ ដែលមានតម្លៃ ២០០ពាន់លានដុង (ប្រហែល ៨,១៣លានដុល្លារ) ។ គ្រោះថ្នាក់ភាគច្រើនពាក់ព័ន្ធនឹងទ្រព្យសម្បត្តិឯកជន និងយានយន្ត។

លោក Ngo Trung Dung អគ្គលេខាធិការរងនៃសមាគមធានារ៉ាប់រងវៀតណាមត្រូវបានដកស្រង់សម្ដីដោយកាសែត VnExpress ខណៈបានប៉ាន់ប្រមាណថា តម្លៃនៃការទាមទារសំណងដែលទាក់ទងនឹងព្យុះយ៉ាហ្គីអាចកើនដល់រាប់រយលានដុល្លារ។ លោកបានបន្ថែមថា ការទាមទារសំណងភាគច្រើនទាក់ទងនឹងការខូចខាតនៅទីតាំងឧស្សាហ៍កម្ម និងរថយន្តដោយសារដើមឈើរលំ ឬជនលិចដោយសារទឹកជំនន់។

ក្រុមហ៊ុនធានារ៉ាប់រងបានឱ្យថា ពួកគេបានកៀងគរធនធានទាំងអស់ដែលខ្លួនមានដើម្បីជួយដល់អតិថិជននៅតំបន់ទឹកជំនន់ ខណៈកំពុងបន្តវាយតម្លៃការខូចខាត។ ជាឧទាហរណ៍ ក្រុមហ៊ុន PVI បានបញ្ជូនបុគ្គលិកទៅកាន់តំបន់ដែលរងផលប៉ះពាល់ សូម្បីតែនៅក្នុងពេលមានព្យុះដើម្បីវាយតម្លៃស្ថានភាព។ ក្រុមជំនាញកំពុងបំពេញកាតព្វកិច្ច ២៤ម៉ោងលើ២៤ម៉ោងដើម្បីត្រៀមទទួល និងដំណើរការរបាយការណ៍ការបាត់បង់ ដែលកាត់បន្ថយពេលវេលារង់ចាំសម្រាប់អតិថិជន។

យោងតាមកាសែត VnExpress បានឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក៏បានទទួលសំណើទាមទារសំណងពីអតិថិជនផងដែរ។ ក្រុមហ៊ុន AIA Vietnam បានកត់ត្រាការស្លាប់របស់អតិថិជនចំនួន ៥នាក់ដោយសារតែព្យុះយ៉ាហ្គី ដែលត្រូវផ្តល់សំណងសរុបប្រហែល ៦,៥ពាន់លានដុង (ជាង ២៦ម៉ឺនដុល្លារ)។ ក្រុមហ៊ុនធានារ៉ាប់រង Dai-ichi បានបញ្ជាក់ពីអ្នកស្លាប់ចំនួន ៦នាក់នៅក្នុងការរអិលបាក់ដី ដោយត្រូវផ្តល់សំណងប្រហែលចំនួន ២,៧ពាន់លានដុង (ជិត ១១ម៉ឺនដុល្លារ)៕