(ភ្នំពេញ)៖ ឆ្លើយតបនឹងការព្រួយបារម្ភ ពីការលើកឡើងមតិមួយចំនួនថា ការដែលមានគម្រោងវិនិយោគ គ្រប់គ្រងដោយបរទេស នៅក្នុងប្រទេសកម្ពុជា នឹងធ្វើឲ្យប្រាក់ចំណេញហូរចេញ ទៅក្រៅប្រទេសនោះ ត្រូវបានមន្ដ្រីជំនាញ បកស្រាយថា ទោះបីជាគម្រោងគ្រប់គ្រងដោយបរទេសក៏ដោយ ប៉ុន្ដែការអនុវត្ដច្បាប់ពន្ធដារ គឺដូចក្រុមហ៊ុនក្នុងស្រុក។

លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូររវាងរដ្ឋ និងឯកជន បានពន្យល់ថា «ទោះបីជាក្រុមហ៊ុននោះ ជាក្រុមហ៊ុនបរទេសក៏ដោយ ពេលដែលរាជរដ្ឋាភិបាល ឯកភាពក្នុងការ ចុះហត្ថលេខា ដៃគូឯកភាពនោះ ត្រូវមានកាត្វកិច្ច ក្នុងការបង្កើតក្រុមហ៊ុន ក្នុងស្រុកមួយ ត្រូវផ្ទេរសិទ្ធ និងកាតព្វកិច្ចទាំងអស់ ទៅក្រុមហ៊ុននោះ ហើយអនុវត្ដពន្ធដារ ដូចក្រុមហ៊ុនក្នុងស្រុក»។

ការបកស្រាយបែបនេះ របស់លោក ឱម ម៉ាក់ធារិទ្ធ ធ្វើឡើងក្នុងឱកាសដែល អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនលើការ អភិវឌ្ឍ វិស័យ ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ឱម ម៉ាក់ធារិទ្ធ បានលើកឡើងថា ច្បាប់វិនិយោគកម្ពុជា មានភាពបើកចំហរ បានន័យថា អ្នកវិនិយោគបរទេស អាចចូលមកវិនិយោគ១០០% ហើយក៏អាចផ្ទេរទៅវិញបាន ដោយសារកម្ពុជា អនុវត្ដតាមសេដ្ឋកិច្ចទីផ្សារសេរី។

ទន្ទឹមគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូររវាងរដ្ឋ និងឯកជន បានបញ្ជាក់ថា ក្នុងកិច្ចសន្យា ដែលរាជរដ្ឋាភិបាល ចុះជាមួយដៃគូរឯកជន គឺអាចមានលទ្ធភាព ទទួលបានហិរញ្ញប្បទាន ក្នុងគម្រោង PPP (ភាពជាដៃគូរវាងរដ្ឋ និងឯកជន) ផងដែរ។

លោក ឱម ម៉ាក់ធារិទ្ធ បានឲ្យដឹងថា កិច្ចសហប្រតិបត្ដិការ ជាមួយនឹងដៃគូអភិវឌ្ឍន៍ គឺអគ្គនាយកដ្ឋានភាពជាដៃគូររវាងរដ្ឋ និងឯកជន ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានដៃគូសហការជាអន្ដរជាតិជាច្រើន ក្នុងការបង្ហាញគម្រោងរបស់កម្ពុជា ដើម្បីទាក់ទាញនូវអ្នកវិនិយោគិនបរទេស៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ឱម ម៉ាក់ធារិទ្ធ៖