(បន្ទាយមានជ័យ)៖ ក្នុងឱកាសចុះពិនិត្យមើលតាមរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ស្នើសុំឲ្យរោងម៉ាស៊ីន បន្តប្រមូលទិញស្រូវពីកសិករបន្ថែមទៀត ស្របពេលដែលកសិករ នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ។

ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ រួមមាន ទី១ រោងម៉ាស៊ីន ឆាយ គឹមទឹង, ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ ទី៣ រោងម៉ាស៊ីនកិនស្រូវកៅង៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងរោងម៉ាស៉ីន ភូគគី ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និង OM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមានជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស។

តាមការបញ្ជាក់របស់លោកបណ្ឌិត កៅ ថាច រោងម៉ាស៉ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាមចំពោះស្រូវ OM 54 51 និងតម្លៃប្រមាណ ១២០០រៀល ក្នុង១គីឡូក្រាម ចំពោះស្រូវស្រង៉ែ។

ជាមួយគ្នានេះ លោកបណ្ឌិតក៏ដាស់តឿនដល់រោងម៉ាស៉ីនកិនស្រូវផងដែរថា កសិករបាន និងកំពុងត្រៀមខ្លួន ក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ ដូច្នេះរោងម៉ាស៉ីនក៏ ត្រូវត្រៀមខ្លួនសម្រាប់ការទិញស្រូវពីកសិករផងដែរ។

រោងម៉ាស៊ីនកិនស្រូវដែលលោកបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ដែលមានសមត្ថភាពកិន និងកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសមិនចាញ់រោងម៉ាស៊ីនប្រទេសជិតខាងនោះទេ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវ និងការដាំដុះស្រូវពូជស្រង៉ែ ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារផងដែរ។

បច្ចុប្បន្ននេះ ពូជស្រូវស្រង៉ែ គឺ កំពុងមានតម្រូវការទីផ្សារល្អ ដូចពូជសែនក្រអូប និងផ្ការំដួលផងដែរ។ ទីតាំងកំពុងដាំដុះស្រូវ ពូជស្រូវស្រង៉ែបានដាំដុះលើផ្ទៃដីចំនួន ២៤០ហិកតា ក្នុងចំណោមផ្ទៃដីសរុបរួមជាង ៥០០ ហិកតា។

លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្ត និងជំរុញឲ្យមានការផលិតស្រូវស្រង៉ែ ឲ្យបានច្រើន ដោយសារមានតម្លៃល្អដូចពូជសែនក្រអូប និងផ្ការំដួល ដូច្នេះត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ដូចជាការរៀបចំដី ប្រើប្រាស់ជី ជាដើមដែលនឹងជួយឲ្យកសិករអាចទទួលបានទិន្នផលខ្ពស់ផងដែរ៕