(កូឡុំបូ)៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានកើនឡើង ៤,៧ភាគរយនៅត្រីមាសទី២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រទេសដីកោះមួយនេះមានភាពរីកចម្រើនក្នុងការស្ទុះងើបចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយនាយកដ្ឋានជំរឿននិងស្ថិតិស្រីលង្កាថា វិស័យកសិកម្មរបស់ប្រទេសស្រីលង្កាបានកើនឡើង ១,៧ភាគរយធៀបនឹងឆ្នាំមុន ទិន្នផលឧស្សាហកម្មកើនឡើង ១០,៩ភាគរយ និងសេវាកម្មកើនឡើង ២,៥ភាគរយ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ការធ្លាក់ចុះតម្លៃថាមពលនិងប្រេងឥន្ធនៈ ការកាត់បន្ថយការរឹតបន្តឹងការនាំចូល ភាពប្រសើរឡើងនៃវិស័យទេសចរណ៍ និងប្រាក់បញ្ញើពីបរទេសបានរួមចំណែកដល់ការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនេះ។

រងគ្រោះដោយសារកង្វះប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចូលទៅក្នុងការដួលរលំយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ ដោយបានធ្លាក់ចុះ ៧,៣ភាគរយ ខណៈដែលប្រទេសនេះបានប្រឈមនឹងការកើនឡើងអតិផរណា ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណខ្លាំង និងបរាជ័យសងបំណុលបរទេសជាប្រវត្តិសាស្ត្រ។

ក្រុមអ្នកវិភាគបាននិយាយថា សេដ្ឋកិច្ចស្រីលង្កាបាននិងកំពុងស្ទុះងើបឡើងវិញបន្ទាប់ពីទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារអាមេរិកពីមូលនិធិរូបិយវត្ថុអន្តរជាតិកាលពីខែមីនាឆ្នាំមុន ហើយកំពុងស្ថិតនៅលើផ្លូវឈានទៅសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ច ៣ភាគរយបន្ទាប់ពីធ្លាក់ចុះពីរឆ្នាំ។

លោក Dimantha Mathew ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន First Capital បានប្រាក់រ៉យទ័រថា៖ «ការណ៍នេះគឺស្របតាមការរំពឹងទុក ប៉ុន្តែត្រីមាសទី៣ ប្រហែលជាពិបាក ពីព្រោះយើងកំពុងមើលឃើញសកម្មភាពអាជីវកម្មស្ទើរតែសូន្យដោយសារការបោះឆ្នោតប្រធានាធិបតី»។

លោកមានប្រសាសន៍ថា៖ «យើងអាចនឹងមើលឃើញកំណើននៅចន្លោះពី ១ភាគរយ ទៅ ២ភាគរយក្នុងត្រីមាសទី៣ ប៉ុន្តែយើងនៅតែគិតថា យើងនឹងទទួលបានកំណើន ៣ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំ»៕